ដំណឹងល្អ! ព្រលានយន្តហោះកងកេង កំពុងពង្រីកបន្ថែមទៀតដើម្បីឆ្លើយតបកំនើនអាកាសចរណ៍

0

ដោយគង់ សូរិយា

ភ្នំពេញ: ព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុកំពុងពង្រីកផ្លូវរត់បន្ថែមទៀត ដើម្បីឆ្លើយតបនឹងការកើនឡើងផ្នែកអាកាសចរណ៍ នៅតំបន់ដែលកំពុងមាន​ការរីកចម្រើនយ៉ាងឆាប់រហ័សនេះ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលលោកស៊ិន ចាន់សិរីវុត្ថាបាន​មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២១ សីហានេះថា ព្រលានយន្តហោះដែល​បានវិនិយោគដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា(SCA) នេះនឹងត្រូវពង្រីកដល់ប្រវែង៣៦០០ម៉ែត្រ ដែលបច្ចុប្ប​ន្នព្រលាននេះមានប្រវែងផ្លូវរត់២៨០០ម៉ែត្រហើយ ហេតុនេះ SCAបាននិងកំពុងចាប់ផ្តើមពង្រីកដំណាក់កាលទី១ ប្រវែង៣០០ម៉ែត្រសិន មុនពង្រីកជំហ៊ានទី២ប្រវែង៣០០ម៉ែត្រទៀត ដើម្បីបញ្ចប់តាមផែនការរបស់ខ្លួន។

លោកបន្តថា “ពេលព្រលាននេះពង្រីកចប់តាមផែនការរបស់ខ្លួន សមត្ថភាពព្រលា​ននេះអាចចុះចតយន្តហោះខ្នាតមធ្យម ដែលអាចផ្ទុកអ្នកដំណើរចន្លោះពី៣០០ទៅ៤០០​នាក់បាន”។លោកបន្តថា​”ការពង្រីកព្រលានថ្មីនេះ អាចនឹងចំណាយពេលប្រមាណ១ឆ្នាំ និងដំណាក់កាលទី២ មិនដឹងចាប់ផ្តើមពេលណានៅឡើយទេ”។

មូលនិធិវិនិយោគព្រលាននេះ ជាការចំណាយ​របស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដែលគ្រប់គ្រងដោយបារាំង។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ព្រលានយន្តហោះនេះអាចទទួលបានអ្នកដំនើរ​ឆ្លងកាត់ប្រមាណ១លាននាក់នៅឆ្នាំ២០២០ខាងមុខនេះ ខណៈបច្ចុប្បន្នអាកាសចរណ៍ជា​ច្រើនបាននិងកំពុងចុះចតនៅព្រលានយន្តហោះនេះ ដោយមួយសប្តាហ៍មានអាកាសចរ ណ៍ចំនួន៧៨លើកបានហោះចុះឡើងនៅព្រលាននេះ។

ទោះជាយ៉ាងណាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោកតាំង សុចិត្រគ្រឹះ​ស្នាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ព្រលានយន្តហោះនេះទទួលបាន​អាកាសចរណ៍ចុះចតជាង៥០០លើកក្នុងមួយសប្តាហ៍ឯណោះ ដោយសារកំនើនភ្ញៀវទេ​សចរណ៍អន្តរជាតិ ពិសេសភ្ញៀវទេសចរណ៍និងអ្នកវិនិយោគចិនកើនឡើងខ្លាំង ដែលធ្វើ​ឲ្យ​ខេត្តប្រឈមនឹងកង្វះបន្ទប់សណ្ឋាគារជាប់ជាប្រចាំ ពិសេសនៅថ្ងៃចុងសប្តាហ៍និងពិធី​បុណ្យទានធំៗ។

លោកបន្តថា “កង្វះបន្ទប់សណ្ឋាគារ ដោយសារសណ្ឋាគារភាគច្រើនត្រូវបានជួលឲ្យអ្នកវិនិយោគចិន ហើយពួកគេមិនទទួលការកក់សម្រាប់ស្នាក់នៅពីភ្ញៀវដទៃនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here