ដោយគង់ សូរិយា
ភ្នំពេញ៖ ព្រលានយន្តហោះចម្បាំងមួយ ដែលគេមិនសូវដឹងនិងមិនសូវលឺពីមុនមកបានកប់បាត់ជាមួយពេលវេលា ប៉ុន្តែការពិតព្រលាននេះកំពុងស្ថិតក្នុងខេត្តកែប នៃតំបន់ភូមិភាគនារតីប្រទេស។
តាមប្រភពព៌តមានគួរឲ្យទុកចិត្ត បានបង្ហើបថា ទីតាំងព្រលានយន្តហោះនេះ បច្ចុ ប្បន្នត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនឯកជន និងជាអ្នកមានឥទ្ឋិពលម្នាក់។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលលោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២១ សីហាកន្លងមកថា ព្រលានយន្តហោះនេះត្រូវបានកសាងដោយកងទ័ពជប៉ុន ក្នុងកំឡុងសង្គ្រាមលោកលើកទី២ ដោយពេលនោះព្រលាននេះស្ថិតនៅក្នុងខេត្តកំពត ប៉ុន្តែបច្ចុប្បន្នព្រលាននេះស្ថិតក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប។ លោកបន្តថា ព្រលាននេះមានបណ្តោយប្រវែងជាង១០០០ម៉ែត្រ និងទទឹងជាង១០០ម៉ែត្រ ហើយពេលនោះជប៉ុនបានប្រើប្រាស់ព្រលាននោះហើយ។
លោកបន្តថា “ព្រលានយន្តហោះចម្បាំងនេះ ត្រូវបានរដ្ឋាភិបាលប្រគល់ជូនអាជ្ញាធរខេត្តជាអ្នកគ្រប់គ្រងជំនួសវិញ ប៉ុន្តែព៌តមានលំអិតថាមានការវិវត្តយ៉ាងណាលោកមិនអាចបញ្ជាក់បានទេ។
អភិបាលខេត្តកែប លោកកែន សត្ថាបានមានប្រសាសន៍ឲ្យដឹងផងដែរថា ព្រលានយន្តហោះនេះពិតជាស្ថិតក្នុងទឹកដីខេត្តកែប ពិតប្រាកដមែន ហើយព្រលាននេះបានសាងសង់កំឡុងទសវត្សរ៍ឆ្នាំ១៩៤៣ ដែលជប៉ុនបានសាងសង់ឡើង។ ទោះជាយ៉ាងណាលោកមិនបានបញ្ជាក់លំអិតថា ព្រលាននេះកំពុងគ្រប់គ្រង ឬវិវត្តន៍បែបណានៅឡើយទេនាពេលបច្ចុប្បន្ននេះ។
ប៉ុន្តែយោងតាមប្រជាពលរដ្ឋនៅតំបន់នោះ និងអ្នកធ្លាប់បានដឹងពីប្រវត្តិព្រលាននេះបានអះអាងថា ដីព្រលាននេះបាននិងកំពុងគ្រប់គ្រងដោយឯកជនរួចទៅហើយ៕