ដោយៈជេស៊ីកា
ភ្នំពេញៈ រដ្ឋាភិបាលដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាសេនាធិការបានសម្រេចអនុម័តទុនវិនិយោគ៣៣០០លានដុល្លារអាមេរិក។ នេះបើតាមទិន្នដែលបានបង្ហាញដោយ CDC។
របាយការណ៍របស់ស្ថាប័ន ដែលទទួលបន្ទុកលើការត្រួតពិនិត្យ និងអនុម័តទុនវិនិយោគមានទំហំទឹកប្រាក់ ចាប់ពី១លានដុល្លារអាមេរិកឡើងបានឲ្យដឹងថា ក្នុងរយៈពេល ៩ ខែ នៃឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគទាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រៅតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន១៣៤គម្រោង ។
របាយការណ៍ដដែលបានបន្តថា ចំនួនគម្រោងវិនិយោគ បានថយចុះ២៨,៧% ខណៈទុនវិនិយោគក៏ថយចុះ៤៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ការអនុម័តគម្រោងវិនិយោគទាំងនេះ ក៏បានបង្កើតចំនួនការងារ ចំនួន៨៥,៥៧២កន្លែង ដល់ប្រជាពលរដ្ឋក្នុងស្រុក។
ក្នុងចំណោមគម្រោងទាំងអស់ ការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន១០១គម្រោង សរុបទុនវិនិយោគ ១,៤ពាន់លានដុល្លារ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន៣៣គម្រោង សរុបទុនវិនិយោគ ១,៩ពាន់លានដុល្លារ។
របាយការណ៍ដដែលបញ្ជាក់ថា គម្រោងភាគច្រើនគឺផ្តោតលើវិស័យ កសិកម្ម និងកសិឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។
កាលពីឆ្នាំ២០២០កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុប២៣៨គម្រោង ជាមួយនឹងទុនវិនិយោគសរុប៨,២ពាន់លានដុល្លារ ធ្លាក់ចុះ ១២% ធៀបនឹងឆ្នាំ២០១៩៕