ដោយវុត្ថា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិ នៃគម្រោងជំរុញការអភិវឌ្ឍទីផ្សារដំឡូងមី ប្រកបដោយបរិយាប័ន្នរវាងអង្គការ UNDP ប្រចាំនៅកម្ពុជា ជាមួយក្រុមហ៊ុន Green Leader។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនឹងធ្វើឡើងនៅថ្ងៃទី២៣ សីហាខាងមុខនេះ ដើម្បីបង្ហាញពីឆន្ទៈរួមរវាងស្ថាប័នទាំងពីរ ក្នុងការសម្រេចអោយបាននូវការអភិវឌ្ឍ ប្រកបដោយនិរន្តរាភាព នៃវិស័យដំឡូងមីស្របតាមអាទិភាព ក្នុងយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យដំឡូងមី។
កិច្ចព្រមព្រៀងនេះ មានគោលបំណងបង្ហាញភាពជាដៃគូ រវាងអង្គការ UNDP និងក្រុមហ៊ុន Green Leader ក្នុងការចាប់ផ្តើមជាផ្លូវការនៃការបង្កើត និងអនុវត្តន៍គម្រោងជំរុញទីផ្សារដំឡូងមី ប្រកបដោយបរិយាប័ន្ន ដើម្បីបង្កើនការនាំចេញផលិតផលដំឡូងមីស្រស់ទៅកាន់ទីផ្សារសកល។
ក្នុងពិធីចុះហត្ថេលខានេះ នឹងមានការចូលរួមជាសាក្សី ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃប្រទេសកម្ពុជា លោក Xiong Bo អគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅកម្ពុជា លោក Haoliang Xu នាយកUNDPប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច និងលោកស្រី Pauline Tamesis នាយិកាអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។
តាមរយៈកិច្ចព្រមព្រៀងមូលនិធិរួមគ្នានេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃការបង្កើត និងអនុវត្តន៍គម្រោងជំរុញការអភិវឌ្ឍទីផ្សារដំឡូងមី ប្រកបដោយបរិយប័ន្ន ក្នុងគោលបំណងបង្កើនការនាំចេញផលិតផលដំឡូងមីស្រស់ ទៅកាន់ទីផ្សារសកល ខណៈដែលគុណភាព តម្លៃបន្ថែមរបស់វាត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀតគម្រោងនេះ ក៏មានគោលដៅធានានិរន្តរភាពទីផ្សារ ដ៏មានស្ថិរភាពមួយសម្រាប់កសិករកម្ពុជា។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា និន្នាការ និងការរំពឹងទុកបានបង្ហាញថា តម្រូវការដំឡូងមីសម្រាប់ទីផ្សារក្នុងតំបន់ និងពិភពលោក នឹងមានកំណើនកាន់តែខ្ពស់ ដែលនេះគឺជាកាលានុវត្តភាពថ្មីសម្រាប់កម្ពុជា ដើម្បីអភិវឌ្ឍន៍ចង្វាក់តម្លៃដំឡូងមី តាមរយៈការពង្រឹង និងពង្រីកផលិតកម្ម ការកែច្នៃចំណិតដំឡូងមី និងសមត្ថភាពនាំចេញ សំដៅឆ្លើយតបតម្រូវការទីផ្សារនាពេលអនាគត។
លោកបន្តថា ប៉ុន្តែដើម្បីចាប់យកនូវកាលានុវត្តភាពនេះ កម្ពុជាចាំបាច់ត្រូវធ្វើការវិនិយោគបន្ថែម និងការឯកភាពជាធ្លុងមួយរវាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម និងហានិភ័យនានា ដូចជា ភាពទន់ខ្សោយខ្សែចង្វាក់តម្លៃ កង្វះព័ត៌មានទីផ្សារ ការផ្គត់ផ្គង់មិនទៀតទាត់ និងគុណភាពប្រែប្រួលនៃដំឡូងមី ដែលជាកត្តារាំងស្ទះដល់ការលូតលាស់នៃឧស្សាហកម្មដំឡូងមីនៅកម្ពុជា។
យោងតាមរបាយការណ៍ពីអគ្គនាយដ្ឋានកសិកម្មបានបង្ហាញថា កាលពីឆ្នាំ២០១៧ កន្លងទៅនេះ ការនាំចេញផលិតផលចំណិតដំឡូងមីក្រៀម ទៅកាន់ទីផ្សារបរទេសមានប្រមាណជាង២,៣លានតោន ខណៈដែលការនាំចេញដំឡូងមីស្រស់វិញមានរហូតដល់ជាង៧៥ម៉ឺនតោន។ ប្រទេសថៃ និងវៀតណាម ត្រូវបានចាត់ទុកថា ជាទីផ្សារធំបំផុតក្នុងការនាំចេញផលិតផលដំឡូងមីរបស់កម្ពុជា ខណៈដែលទីផ្សារនាំចេញទៅចិនផ្ទាល់ហាក់នៅមានតិចតួចនៅឡើយ៕