ដោយ : វុត្ថា
ភ្នំពេញ : ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុកឲ្យមានភាពរស់រវើក និងកាន់តែប្រសើរឡើង ក្រសួងពាណិជ្ជកម្មនឹងបន្តរៀបចំវេទិកាថ្នាក់ជាតិលើកទី៧ស្តីពី ការជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍កសិពាណិជ្ជកម្មកម្ពុជា អមដោយការដាក់តាំងបង្ហាញផលិតផលបន្លែ ផ្លែឈើខ្មែរ ផលិតផលសូត្រ និងផលិតផលកែច្នៃដទៃទៀតលើកទី១២ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១១ ខែវិចិ្ឆកា ឆ្នាំ២០១៨ នៅក្រុងសៀមរាប។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ដែលទើបទទួលបាននាព្រឹកថ្ងៃទី២៣ សីហានេះបានឲ្យដឹងថា ការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងបង្កើនសកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋាន ឲ្យមានភាពប្រទាក់ក្រឡាទាក់ទាញចំណាប់អារម្មណ៍របស់ប្រតិបត្តិករ អាជីវករ និងមហាជនទូទៅឲ្យងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសឲ្យការនាំចូលពីបរទេសជាជំហានៗ។
ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញ លោក-លោកស្រី ពាណិជ្ជករ សេវាករ និងសាធារណជនទូទៅចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍ដ៏ពិសេសនេះកុំបីខាន។ ចំពោះម្ចាស់កសិដ្ឋាន អ្នកកែច្នៃ សមាគមអាជីវកម្ម និងសហគមន៍ផលិតបន្លែ ផ្លែឈើខ្មែរ និងផលិតផលសូត្រ ដែលត្រូវការស្តង់ដាក់តាំង ផលិតផលសម្រាប់ស្វែងរកដៃគូបញ្ជាទិញ មកបំពេញបែបបទ នៅអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឲ្យបានមុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ជាកំហិត៕