ដោយ គង់ ម៉ាលីន
ភ្នំពេញ៖ ដោយសារបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែមានភាពប្រសើរឡើងនិងស្ថិរភាពនយោបាយ បានធ្វើឲ្យក្រុមហ៊ុនជប៉ុនតូចធំចំនួន២០៧៣ហើយបាននិងកំពុងវិនិយោគនៅកម្ពុជា។
លោកអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអ៊ិលស៊ី ដែលជាធនាគារធ្វើការទូទាត់សាច់ប្រាក់ ជាមួយក្រុមហ៊ុនវិនិយោគជប៉ុននៅកម្ពុជា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី២៣ សីហាកន្លងមកថា ក្រុមហ៊ុនបែបឯកត្តជនជប៉ុនចូលមកវិនិយោគនៅកម្ពុជាបានកើនឡើង១០៩ភាគរយ ដោយចំនួនក្រុមហ៊ុនបានកើនពី៨១០ ដល់ចំនួន១៦៨៩ក្រុមហ៊ុន។ លោកបន្តថា ការកើនក្រុមហ៊ុនទាំងនេះ ដោយសារការបើកផ្សារទំនើបលំដាប់អន្តរជាតិ AEON MALL2។
លោកបន្តថា ចំណែកក្រុមហ៊ុនសាជីវកម្មធំៗបានកើនឡើងខ្ពស់ផងដែរ ដោយចំនួនក្រុមហ៊ុនបានកើនពី៣៤៤ ដល់៣៨៤សាជីវកម្ម ស្មើនឹងកំនើន១២ភាគរយ។
លោកអ៊ិន ចាន់នីបានបន្តថា “កំណើននៃការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដោយសារពួកគេមើលឃើញសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ពិសេសការសម្រេចបានកំនើនសេដ្ឋកិច្ចដ៏ល្អប្រសើររបស់កម្ពុជា”។លោកបន្តថា “សន្តិភា ព និងស្ថិរភាពនយោបាយនេះហើយ ដែលបានទាក់ទាញ និងជាកំលាំងចលករសំខាន់ជំរុញឲ្យមានការវិនិយោគនៅកម្ពុជា”។
បណ្ឌិតម៉ី កល្យាណទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា កំនើននៃការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ឆ្លុះបញ្ចាំងពីទំនុកចិត្តដ៏សំខាន់នៃបរិយាកាសនយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជា ព្រោះអ្នកវិនិយោគជប៉ុន មុនពួកគេទៅវិនិយោគនៅប្រទេសណាមួយ ពួកគេសិក្សាច្បាស់លាស់ណាស់ ទើបសម្រេចចិត្តចូលវិនិយោគ
លោកបន្តថា “ជប៉ុនបានកសាងមូលដ្ឋានគ្រឹះ វិនិយោគរយៈពេលវែងនៅកម្ពុជាហើយ យើងគួរទះដៃអបអរសាទរទាំងអស់គ្នា”។លោកបន្តថា “ទោះជាយ៉ាងណាកម្ពុជានៅតែត្រូវការកែលំអរថែមទៀត ហើយការកែលំអរបែបនេះត្រូវតែធ្វើជាបន្តបន្ទាប់ ដើម្បីទាក់ទាញការវិនិយោគកាន់តែច្រើន”៕