ដោយគង់ សូរិយា
ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យមកពីជុំវិញពិភពលោក កំពុងជួបជុំគ្នានៅទីក្រុងភ្នំពេញ នៅក្នុងកម្មវិធី ERANA Conventions And Exhibition ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ។
កម្មវិធីនេះបាន និងកំពុងបើកដំណើរការជាផ្លូវការនៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ដោយមានការចូលរួមជាអធិបតីពីលោកម៉ី វ៉ាន់ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កម្មវិធីនេះនឹងប្រារពរយៈពេលពីរថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៤ ដល់២៥សីហាខាងមុខនេះ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៤ សីហានេះថា ព្រឹត្តិការណ៍ដ៏ធំនេះនាំមកនូវអ្នកជំនាញផ្នែកអចលនទ្រព្យ ពិសេសផ្នែកដីធ្លីពីជុំវិញពិភពលោក មកចូលរួមចែករំលែកបទពិសោធន៍របស់ពួកគេ ដល់អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលអ្នកចូលរួមមិនត្រឹមតែអាចសិក្សាពីបទពិសោធថ្មីៗនោះទេ តែពួកគេក៏អាចចាប់ដៃគូសហការជាមួយក្រុមហ៊ុនជាតិ អន្តរជាតិដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីវិនិយោគរួមគ្នាផងដែរ។
តំណាងសមាគមអចលនទ្រព្យ ឬប្រធានសមាគមអចលនទ្រព្យក្នុងតំបន់អាស៊ានចំនួន៨ និងមានអ្នកជំនាញជាជនជាតិកូរ៉េ ជប៉ុន អាមេរិក និងអ្នកជំនាញក្នុងស្រុកសរុបប្រមាណ៥០០នាក់បាននិងកំពុងចូលរួមក្នុងកម្មវិធីនេះ។
លោកគីម ហ៊ាងបានបន្តថា “ព្រឹតិការណ៍នេះជាការនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា ហើយនេះជាមោទនភាពរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា”។
វិស័យសំណង់ និងអចលនវត្ថុកម្ពុជាមានភាពរីកចម្រើនយ៉ាងលឿនក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយសារសុខសន្តិភាព ស្ថេរភាពនយោបាយ និងការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ដែលសម្រេចបានកំនើនជាង៧ភាគរយក្នុងរយៈពេលជាងពីរទសវត្សរ៍។
យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញបានឲ្យដឹងថា វិស័យសំណង់មានភាពរីកចម្រើន ដោយអាគារមានកំពស់ពី៥ជាន់ដល់៥០ជាន់នៅរាជធានីភ្នំពេញ បានកើនឡើងដល់ជាង១០០០អាគាររួចហើយ៕