ផ្លូវកាត់បឹងកប់ស្រូវឆ្ពោះទៅតំបន់ភ្នំប្រសិទ្ឋ នឹងត្រូវតភ្ជាប់ក្រោយការសាងសង់ទ្វារទឹកបញ្ចប់

0

ដោយគង់ សូរិយា

       ភ្នំពេញ៖ ផ្លូវដែលបានសាងសង់កាត់បឹងទំនប់កប់ស្រូវ ឬបឹងតាមោឃនឹងត្រូវតភ្ជាប់នាពេលខាងមុខ បន្ទាប់ពីការសាងសង់ទ្វារទឹកថ្មីមួយ ភ្ជាប់រវាងផ្លូវនេះមកកាន់ផ្លូវលេខ១៥១បញ្ចប់នាពេលខាងមុខ។

អភិបាលខ័ណ្ឌព្រែកព្នៅ លោកសុខ សម្បត្តិបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ​កាលពីដើមសប្តាហ៍នេះថា ការសាងសង់ផ្លូវកាត់ទំនប់បឹងកប់ស្រូវ ឆ្ពោះមកផ្លូវឆ្ពោះទៅតំបន់ភ្នំប្រសិទ្ឋនេះ នឹងត្រូវសាងសង់ទ្វារទឹកមួយទៀត មុនភ្ជាប់ផ្លូវនេះមកកាន់ផ្លូវលេខ១៥១ ព្រោះបច្ចុប្បន្នផ្លូវនេះសាងសង់ជិតបញ្ចប់ហើយ នៅសល់ប្រមាណ១០០ម៉ែត្រប៉ុណ្ណោះ។

លោកបន្តថា “ផ្លូវនេះសាងសង់ក្នុងកំឡុងឯកឧត្តមប៉ា សុជាតិវង្សធ្វើជាអភិបាល​ក្រុងភ្នំពេញ”។ លោកបន្តថា “ប្រសិនផ្លូវនេះតភ្ជាប់នាពេលខាងមុខ វានឹងជួយធ្វើឲ្យតំបន់នេះមានការរីកចម្រើនលឿន ខណៈមានក្រុមហ៊ុនមួយចំនួនកំពុងមានគំរោងអភិវឌ្ឍន៍នៅតំបន់នេះ”។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកមាស ម៉េតភ័ក្តីបានបដិសេធមិនអត្ថាធិ​ប្បាយ។

លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថាគំរោងសាងសង់ផ្លូវនេះ ស្ថិតក្រោមសមត្ថកិច្ចរបស់សាលាក្រុងភ្នំពេញ ប៉ុន្តែតាមអ្វីលោកដឹងគំរោងនេះមានពាក់ព័ន្ឋនឹងក្រសួងទេសចរណ៍ផងដែរ ប៉ុន្តែការអភិវឌ្ឍន៍តំបន់នេះទៅជាបែបណា លោកមិនអាចបញ្ជាក់បាននៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here