ដោយដែន ចែងចាំង
ភ្នំពេញ៖ ស្របពេលចរន្តនៃការទិញលក់ដីធ្លី បាននិងកំពុងកើនឡើងនៅក្រុងកែប អភិបាលខេត្តនេះបានអះអាងថា តម្លៃដីនៅក្នុងខេត្តនេះពិតជាបានឡើងថ្លៃ ប៉ុន្តែសកម្មភាពឬគំរោងអភិវឌ្ឍន៍ធំដុំណាមួយ មិនទាន់លេចរូបរាងនៅឡើយទេ។
លោក កែន សត្ថា អភិបាលខេត្តកែប បានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីដើមសប្តាហ៍នេះថា ខេត្តកែបមានសក្តានុពលខ្ពស់ ដែលយើងស្វាគមន៍រាល់គំរោងអភិវឌ្ឍន៍នានា ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មានក្រុមហ៊ុនធំដុំណាមួយបានចាប់ផ្តើមនៅលើមូលដ្ឋាននេះនៅឡើយទេ។លោកបន្តថា ចំណែកម្ចាស់ដីដែលបានទិញដីទុក ហាក់មានចលនារៀបចំដីរបស់ពួកគេសាងសង់អ្វីមួយ តែសកម្មភាពជាក់ស្តែងមិនទាន់ឃើញមាននៅឡើយទេ។
លោកបន្តថា “ខេត្តកែបជាខេត្តមានលក្ខណៈពិសេស ដោយមានឧទ្យានកណ្តាលក្រុងតែមួយគត់នៅកម្ពុជា ក៏ដូចជាក្នុងតំបន់ ជាហេតុធ្វើឲ្យខេត្តនេះមានអាកាសធាតុល្អប្រសើរ”។លោកបន្តថា “ខេត្តកែបបានទទួលពានរង្វាន់ជាទីក្រុងស្អាតរបស់អាស៊ាន ដោយសារលក្ខណៈពិសេសបីគឺ “ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត”។
ទោះជាយ៉ាងណាអ្នកវិនិយោគក្នុងស្រុកមួយរូបបាន និងកំពុងត្រៀមសាងសង់ខុនដូជាលើកតំបូងនៅក្នុងខេត្តនេះហើយ ដែលខុនដូនោះមានឈ្មោះ”ថ្ម១ដុំ”។ គម្រោងនេះនឹងសាងសង់នៅពេលឆាប់ៗនេះ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ានួន រិទ្ឋីបានមានប្រសាសន៍ថា ខេត្តកែបនឹងមានការរីកចម្រើនខ្លាំងនាពេលអនាគត ដោយសារខេត្តនេះ មានសក្តានុពលជាច្រើនលើផ្នែកទេសចរណ៍ និងចម្ងាយផ្លូវជាង១៣០គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ និងមានចម្ងាយ៣០គីឡូម៉ែត្រពីក្រុងកំពត។លោកបន្តថា បើតភ្ជាប់ជាមួយប្រទេសវៀតណាម ខេត្តកែបមានចម្ងាយជិតជាងខេត្តកំពត ដែលងាយស្រួលក្នុងការដឹកជញ្ជូន និងតភ្ជាប់ខ្សែសង្វាក់ទេសចរណ៍។
លោកបន្តថា “ខេត្តកែបសមស្របសម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋាន និងទេសចរណ៍ហើយអាចជំនួសក្រុងព្រះសីហនុបាននាពេលអនាគត ខណៈខេត្តកំពតមានសក្តានុពលផ្នែកពាណិជ្ជកម្មច្រើនជាង”។លោកបន្តថា “ទោះបីក្រុងកែបមានទំហំតូច តែមានដីទំនេរច្រើនអាចពង្រីកការវិនិយោគរមណីយដ្ឋានទេសចរណ៍ សកម្មភាពពាណិជ្ជកម្មនិងលំនៅដ្ឋានបានល្អប្រសើរ”។
ដោយសារកំនើននៃការវិនិយោគ បានធ្វើឲ្យតម្លៃដីកើនឡើងទ្វេរដងនៅក្នុងតំបន់សំខាន់ៗនៃទីក្រុងនេះ ដូចជា ដីនៅតំបន់ពាណិជ្ជកម្ម បានកើនតម្លៃចន្លោះពី៥០០ទៅ៦០០ដុល្លារ ដីធីៗនៅក្បែរសាលាខេត្តកែ បមានតម្លៃចន្លោះពី១៥០ទៅ២៥០ដុល្លារ ដីជើងភ្នំដែលអាចសាងសង់រមណីយដ្ឋានបាន មានតម្លៃចន្លោះពី១០០ទៅ១៥០ដុល្លារ ដីចាប់ពីភ្នំពូន ទៅឆ្នេរអង្កោលមានតម្លៃចន្លោះពី២៥ ទៅ៧០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទីតាំង និងទំហំដីផងដែរ៕នេះបើតាមការបញ្ជាក់ពីឧកញ៉ានួន រិទ្ឋី៕