ដោយៈសុខុម
វៀងចន្ទន៍: បូតេន (Boten) ដែលធ្លាប់ជាភូមិដាច់ស្រយាល មានប្រជាជនរស់នៅតែប៉ុន្មានរយគ្រួសារ កាលពីជាង១០ឆ្នាំមុន កំពុងតែប្រែមុខមាត់ថ្មីយ៉ាងស្រស់ឆើតឆាយក្លាយជាច្រកចេញចូលដ៏សំខាន់របស់ប្រទេសចិន មកកាន់ប្រទេសឡាវ និងតំបន់អាស៊ីអាគ្នេយ៍។
ដោយមានភូមិសាស្ត្រ ស្ថិតក្នុងខេត្តហ្លួងណាំថា (Luang Namtha) នៅចុងតំបន់ភាគខាងជើងនៃប្រទេសឡាវ Boten នៅជាប់ព្រំដែនជាមួយប្រទេសចិន ហើយចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មកវាក៏បានក្លាយជាច្រកឆ្លងកាត់ព្រំដែនផ្លូវការរវាងប្រទេសទាំង២។
ការអភិវឌ្ឍដ៏គួរឱ្យភ្ញាក់ផ្អើលនៅ Boten បានចាប់ផ្ដើមក្នុងឆ្នាំ២០០៣ នៅពេលតំបន់ដាច់ស្រយាលនេះត្រូវបានជ្រើសរើស ដើម្បីអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស (Special Economic Zone) ហើយរដ្ឋាភិបាលឡាវ ក៏បានចុះកិច្ចព្រមព្រៀងជួលដីទំហំ១.៦៤០ហិកតា សម្រាប់រយៈពេល៣០ឆ្នាំឱ្យទៅក្រុមហ៊ុនអភិវឌ្ឍន៍ចិន មួយដែលបានបោះទុនវិនិយោគក្នុងទំហំ៥០០លានដុល្លារអាមេរិក។
ដើម្បីបើកផ្លូវសម្រាប់ការអភិវឌ្ឍដ៏ធំនេះ ភូមិ Boten ទាំងមូលក៏ត្រូវបានប្ដូរទីតាំងដើមក្នុងចម្ងាយ២០គីឡូម៉ែត្រ ក្នុងតំបន់តាំងលំនៅដ្ឋានថ្មីមួយ ដែលគេឱ្យឈ្មោះថា New Boten (បូតេនថ្មី)។
តំបន់សេដ្ឋកិច្ចពិសេស ដែលផ្ដោតលើការអភិវឌ្ឍកាស៊ីណូ និងសណ្ឋាគារនេះត្រូវបានប្រសិទ្ធនាមថា “ទីក្រុងមាស” ឬ Golden City ដើម្បីទាក់ទាញអ្នកលេងល្បែងមកពីប្រទេសចិន និងប្រទេសថៃ។
មានរឿងអាស្រូវជាច្រើននៅទីក្រុងនេះផងដែរ ប៉ុន្តែនៅពេលលេចឡើងនូវ “គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative) គម្រោងស្ថាបនាផ្លូវដែកចិន-ឡាវ (Laos-China Railway) ក៏បានធ្វើឱ្យទុនវិនិយោគហូរចូល Boten ជាថ្មីម្ដងទៀត។
កិច្ចព្រមព្រៀមតំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានកែប្រែជាថ្មីក្នុងឆ្នាំ២០១២ ហើយBoten នឹងក្លាយជាស្ថានីយឈប់សំចតទី១ នៃគម្រោងផ្លូវដែកចិន-ឡាវ ជាបណ្ដាញផ្លូវដែកដ៏ធំបូងបង្អស់របស់ប្រទេសឡាវ និងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ និងសេដ្ឋកិច្ចដ៏សំខាន់។
ក្រោយការធ្វើផែនការ និងការចរចាជាច្រើនឆ្នាំ ការកសាងឡើងវិញនូវ“ទីក្រុងមាស” ឬ Golden City ក៏បានចាប់ផ្តើមក្នុងឆ្នាំ២០១៦។
ក្រុមហ៊ុនអភិវឌ្ឍន៍ចិន Haicheng Group ដែលមានមូលដ្ឋាននៅខេត្តយូណាន ប្រទេសចិនបាននិយាយថា ខ្លួនគ្រោងបោះទុនវិនិយោគ រហួតដល់ទៅ១០ពាន់លានដុល្លារអាមេរិក ដើម្បីប្រែក្លាយអតីត “ទីក្រុងមាស” ទៅជាអ្វីដែលខ្លួនហៅថា “តំបន់សេដ្ឋកិច្ចពិសេសនៃដែនដីបូតេន ដ៏ស្រស់ស្អាត” (Boten Beautiful Land Specific Economic Zone)។
បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ប៉ាន់ប្រមាណថា នៅត្រឹមឆ្នាំ២០២៣ នឹងមានមនុស្សរហូតដល់ទៅ៣០០.០០០នាក់រស់នៅក្នុង Boten។ ទីក្រុងនេះ មានលក្ខណៈទំនើបបែបថ្ងៃអនាគត។ ទីក្រុងនេះនឹងមិនសាងសង់កាស៊ីណូឡើយ ហើយពេលនេះកំពុងតែសាងសង់អគារអាផាតម៉ិនខ្ពស់ៗ សណ្ឋាគារប្រណីតៗ និងផ្សារទំនើបដែលនឹងក្លាយទៅជាសង្កាត់ពាណិជ្ជកម្មដ៏សំខាន់មួយ។
ទន្ទឹមនេះ ក្រុមហ៊ុន Haicheng Group ក៏មានគម្រោងបង្កើតឡើងវិញនូវភូមិ Boten ដែលមានសភាពស្ងប់ស្ងាត់តំណាងឱ្យភូមិ Botenចាស់ កាលពីមុនពេលសាងសង់តំបន់សេដ្ឋកិច្ចពិសេសនេះផងដែរ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរចិន ដែលចាបអារម្មណ៍ចង់មកស្គាល់ “ជីវិតអ្នកភូមិឡាវ” ពិតប្រាកដ៕ The Diplomat៕