ដោយគង់ សូរិយា
ភ្នំពេញ៖ ដោយសារកំនើននៃតម្រូវការ និងទទួលបានជោគជ័យបានធ្វើឲ្យអ្នកវិនិយោគបុរី VIP ពង្រីកបុរីរបស់ខ្លួនកាន់តែធំជាងមុន ដោយគ្រោងវិនិយោគសាងសង់ផ្ទះចំនួន២០០០ល្វែងបន្ថែមទៀតនៅឆ្នាំនេះ។
ប្រធានផ្នែកទីផ្សារនៃបុរី VIP លោកយ៉ែន សុខលីនបានមានប្រសាសន៍ឲ្យដឹងថា ជាមួយនឹងយុទ្ឋសាស្រ្តនៃការលក់ ដើម្បីឆ្លើយតបនឹងកំនើនតម្រូវការលំនៅដ្ឋានពីប្រជាពលរដ្ឋ ដែលមានជីវភាពមធ្យម និងក្រោមធ្យម ទើបបុរី VIP បានពង្រីកគំរោងពីទី១ដល់ទី៤ ដែលមានផ្ទះជាង១០០០ល្វែង និងទទួលបានជោគជ័យរួចហើយ។ លោកបន្តថា ដោយមើលឃើញកំនើនតម្រូវការ និងចង់ចូលរួមផ្តល់លំនៅដ្ឋានតម្លៃសមរម្យជូនប្រជាពលរដ្ឋ តាមគោលនយោបាយលំនៅដ្ឋានរបស់រដ្ឋាភិបាល ទើបបុរីនឹងរៀបចំគំរោងទី៥បន្ថែមទៀត ដែលមានផ្ទះដូចចំនួនខាងលើ។
លោកបន្តថា “មូលហេតុដែលយើងវិនិយោគលើលំនៅដ្ឋានតម្លៃមធ្យម ដោយសារចំនួនប្រជាជនវ័យក្មេង និងប្រជាជនចំណាកស្រុកចូលមករស់នៅទីក្រុងកើនឡើងខ្ពស់ ដែលធ្វើឲ្យតម្រូវការលំនៅដ្ឋានកើនឡើង”។លោកបន្តថា“លំនៅដ្ឋានក្នុងបុរីVIP មានតម្លៃចាប់ពី២ម៉ឺនដល់៤ម៉ឺនដុល្លារអាមេរិក អាស្រ័យលើទីតាំង និងទំហំផ្ទះនិមួយៗ”។
បុរី VIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ជាតំបន់ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងអាចធ្វើដំណើរបានងាយស្រួលតាមរយៈផ្លូវ៦០ម៉ែត្រ ឬមហាវិថីសម្តេចតេជោហ៊ុន សែន។
លោកយ៉ែន សុខលីនបានបន្តថា ទោះបីជាបុរីរបស់យើងសាងសង់តម្លៃទាប និងសមស្របតាមទីផ្សារក្តី ប៉ុន្តែគុណភាពសំណង់និងហេដ្ឋារចនាសម្ព័ន្ឋក្នុងបុរីត្រូវបានយកចិត្តទុកដាក់ជាចម្បង ដោយមានផ្លូវទទឹង៨ម៉ែត្រ ១០ម៉ែត្រ និង១២ម៉ែត្រ ពិសេសមុខផ្ទះមានសល់ទីតាំងទំនេរសម្រាប់ចតយានយន្តចន្លោះ៤ទៅ៦ម៉ែត្រ និងមានសល់ផ្នែកខាងក្រោយធំទូលាយផងដែរ។
លោកបន្តថា ជាមួយនេះ ក្រុមហ៊ុនក៏បានវិនិយោគសាងសង់ផ្សារ សាលារៀនសម្រាប់ប្រជាពលរដ្ឋអាចប្រកបអាជីវកម្មបានផងដែរ ព្រោះបុរីនេះអាចនឹងពង្រីកផ្ទៃដីរហូតដល់៣០០ហិកតានាពេលអនាគត ហេតុនេះអ្នករស់នៅក្នុងបុរីនេះ នឹងកើនដល់រាប់ពាន់គ្រួសារ ដែលអាចឲ្យប្រជាជនប្រកបរបរ ឬធ្វើសកម្មភាពអាជីវកម្មបាន៕