ដោយគង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ប្រទេសចិន បាននិងកំពុងបង្ហាញមហិច្ឆតាប្រែក្លាយទីក្រុងភ្នំពេញ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក ជាក់ស្តែងក្រុមហ៊ុន Yuethai Group បាននិងកំពុងវិនិយោគគំរោងដ៏អស្ចារ្យមួយនៅក្រុងភ្នំពេញ។
គំរោងដ៏ធំនេះត្រូវបានដាក់ឈ្មោះ Phnom Penh Harbour ដែលនឹងអភិវឌ្ឍន៍ទៅ ជាតំបន់ទេសចរណ៍ធំជាងគេនៅរាជធានីភ្នំពេញ ដែលរួមមានទីកន្លែងកំសាន្ត ផ្សារទំនើបខ្នាតអន្តរជាតិទំហំប៉ុន AEON MALL ផ្សាររាត្រី ហាងលក់ទំនិញឥតគិតថ្លៃ កន្ត្រកវិលលើទឹក សាលពិព៌ណលើទឹក សួនច្បារសិល្បៈនិងវប្បធ៌ម អាគារការិយាល័យ SOHOចំនួនពីរ អាគារការិយាល័យភ្លោះខ្ពស់ជាងគេ មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធ៌មចិន អាគារពាណិជ្ជកម្មនិងសណ្ឋាគារចំនួន៤ សណ្ឋាគារខ្នាតផ្កាយ៥ខ្នាតអន្តរជាតិ Swan Bay ខុនដូនិងលំនៅ ដ្ឋានប្រណីតចំនួន៨អាគារ និងកំពង់ផែសម្រាប់អ្នកដំណើរតែមួយគត់។
រហូតមកទល់ពេលនេះ ទីតាំងគំរោងនេះបាននិងកំពុងព័ទ្ឋរបងជុំវិញហើយ ខណៈសកម្មភាពដឹកជញ្ជូនខ្នាតធំ ត្រូវបានរើទៅកាន់ទីតាំងកំពង់ផែស្វ័យត្នភ្នំពេញ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាលរួចហើយ។
អ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ថា បច្ចុប្បន្នសកម្មភាពដឹកជញ្ជូននៅទីតាំងនេះ កំពុងតែមានសកម្មភាពបន្ត ប៉ុន្តែសំរាប់តែការដឹកជញ្ជូនតូចៗប៉ុណ្ណោះ តែសកម្មភាពដឹកជញ្ជូនទំនិញខ្នាតធំត្រូវបានចាកចេញអស់ហើយ។
អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានថ្លែងថា គំរោងវិនិយោគរបស់ចិនភាគច្រើនជាគំរោងធំ ដែលពួកគេផ្តោតលើទីផ្សារនៅប្រទេសចិនជាចម្បង ដោយពួកគេមានអតិថិជនក្នុងដៃស្រាប់។ អ្នកនាងបន្តថា គម្រោងរបស់ពួកគេសាងសង់ជាដំណាក់កាល មិនមែនសាងសង់ទាំងអស់នោះទេ ហេតុនេះវាមិនបញ្ហាសម្រាប់ពួកគេឡើយ។
អ្នកនាងបន្ថែមថា “ការមកដល់របស់អ្នកវិនិយោគចិន ជារឿងវិជ្ជមានមួយ។អ្នកនាងបន្តថា “អ្នកវិនិយោគចិនចូលមកវិនិយោគនៅកម្ពុជា ដោយសារពួកគេមើលឃើញឳកាសរកប្រាក់ចំណេញ ព្រោះតម្លៃដីនៅកម្ពុជានៅមានតម្លៃថោក ធៀបនឹងប្រទេសចិន ហើយពេលអនាគត ប្រជាជននឹងរស់នៅតាមខុនដូកាន់តែច្រើន”៕