ដោយវុត្ថា
ភ្នំពេញ៖ គំរោងស្រាវជ្រាវសូត្រកម្ពុជា ដែលរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានទទួលការចាប់អារម្មណ៍ខ្ពស់ ពីតំណាងអង្គការសហប្រជាជាតិដែលធ្វើការពាក់ព័ន្ឋនឹងវិស័យនេះ។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវសូត្រកម្ពុជា បានឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាមនារសៀលថ្ងៃទី២៧ សីហានេះថា អង្គការសហប្រជាតិ (UN) បានជ្រើសរើសប្រទេសម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំទិវាសូត្ររបស់អង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ផលិតសូត្ររបស់កម្ពុជា និងដើម្បីធ្វើអោយសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា (SDGs) ។
លោកបណ្ឌិតបន្តថា “ប្រធានបទនៃទិវាផលិតផលសូត្រនេះ ស្តីពីគំនិតច្នៃបង្កើតថ្មី សម្រាប់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDGs សម្រាប់ជាមោទនភាពចំពោះវប្បធម៌ ប្រពៃណីយ៍ កេរ្តិ៍ដំណែល និងសេដ្ឋកិច្ចក្នុងស្រុករបស់កម្ពុជា”។
លោកបណ្ឌិតម៉ី កល្យាណបានបន្ថែមថា អង្គការសហប្រជាជាតិបានជ្រើសរើសយកសូត្រខ្មែរ ធ្វើជានិមិត្តរូបនៃការគំនិតឆ្នៃបង្កើតថ្មី សម្រាប់ធ្វើអោយសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពSDG របស់អង្គការសហប្រជាជាតិ ដែលនឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៨ខាងមុខនេះ។
លោកបណ្ឌិតថា “នេះគឺជាព័ត៌មានដ៏គួរឲ្យរីករាយ និងពិតជាមានទនភាពណាស់ដែលអង្គការសហប្រជាតិជ្រើសរើសប្រទេសកម្ពុជា ក្នុងការរៀបចំព្រឹត្តិការទិវាផលិតផលសូត្រនេះ នៅក្នុងប្រទេសកម្ពុជា”។
ប្រទេសកម្ពុជាបាននាំចូលសូត្រពីប្រទេសជិតខាង និងប្រទេសចិនមួយឆ្នាំ៣០០តោនសម្រាប់បំពេញតម្រូវការក្នុងស្រុក និងចំណាយប្រាក់៣០លានដុល្លារអាមេរិក ខណៈកម្ពុជា អាចផលិតសូត្រខ្លួនឯងបានចំនួន១០ភាគរយ នៃបរិមាណនាំចូលសរុបប៉ុណ្ណោះ៕