ដោយគង់ សូរិយា
ភ្នំពេញ៖ បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ និងកម្ពុជាត្រៀមរៀបចំរដ្ឋាភិបាលថ្មី ថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគធំៗ របស់ប្រទេសចិនចំនួន៧០រូប បានមកស្វែងយល់និងរកឳកាសវិនិយោគនៅកម្ពុជា។
ក្នុងជំនួបជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ក្រុមប្រតិភូចិនជាន់ខ្ពស់ដឹកនាំដោយលោកឧកញ៉ាពុង ឃាវសែប្រធានសមាគមសម្ព័ន្ឋខ្មែរ ចិននាព្រឹកថ្ងៃទី២៨ សីហានេះ ក្រុមថ្នាក់ដឹកនាំក្រុមហ៊ុនដែលភាគច្រើន ជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ ដឹកជញ្ជូន ដែកថែប ឧស្សាហកម្ម បច្ចេកវិទ្យាជាដើមបានអះអាងថា ពួកគេមានទំនុកចិត្តលើកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ដែលបានធ្វើឲ្យមានស្ថិរភាពនយោបាយ កំនើនសេដ្ឋកិច្ច និងបានរៀបចំច្បាប់ល្អៗ សម្រាប់ទាក់ទា ញនិងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា កម្ពុជាស្វាគមន៍អ្នកវិនិយោគបរទេសទាំងអស់ មិនថាអ្នកវិនិយោគតូចឬធំនោះទេ ពោលគឺក្រុមហ៊ុនមកមុនទទួលបានគំរោងវិនិយោគមុន។ សម្តេចបន្តថា វិស័យអាទិភាពដែលរាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់នោះ គឺមនុស្ស ផ្លូវ ភ្លើងនិងទឹក ដែលវិស័យទាំងនេះទោះបីអភិវឌ្ឍន៍២០ទៅ៣០ឆ្នាំទៀតក្តី ក៏មិនគ្រប់គ្រាន់សម្រាប់កម្ពុជាឡើយ។
លើសពីនេះសម្តេចតេជោបានណែនាំ ដល់អ្នកវិនិយោគចិនសម្លឹងមើលវិស័យទេសចរណ៍ផងដែរ ត្បិតវិស័យនេះកំពុងមានភាពល្អប្រសើរ ពិសេសបច្ចុប្បន្នកម្ពុជាទទួលបានអ្នកវិនិយោគចិនកាន់តែច្រើន បន្ទាប់ពីប្រទេសទាំងពីរមានការតភ្ជាប់ផ្នែកអាកាសចរណ៍កាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ៕