ដំណឹងល្អ ៖ ផ្លូវដែកដឹកជញ្ជូនរវាងកម្ពុជា-ថៃ នឹងតភ្ជាប់នៅត្រឹមចុងឆ្នាំនេះ

0

ភ្នំពេញ÷ បើមិនមានអ្វីប្រែប្រួលនោះទេ រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នាក្នុងការឈានទៅចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងដែនតាមរថភ្លើងនៅចុងឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីអាចបើកដំណើរការធ្វើចរាចរណ៍ឆ្លងកាត់ប្រទេសទាំងពីរនៅដើមឆ្នាំ២០១៩ខាងមុខ។

លោក លី បូរិន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឱ្យដឹងថា តាមរយៈកិច្ចប្រជុំផ្លូវដែកសិង្ហបុរី គុនមិញនៅប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះថា រាជរដ្ឋាភិ បាលកម្ពុជា-ថៃ បានបញ្ជាក់ដូចគ្នាថា ភាគីទាំងពីរបានបញ្ជូនកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូន ឆ្លងដែនតាមផ្លូវដែកទៅកាន់ក្រសួងការបរទេសរៀងៗខ្លួនរួចរាល់ហើយ។ ប៉ុន្តែខាងភាគីថៃថា នៅរង់ចាំសភាអនុម័តបន្ថែមទៀតទើបអាចឈានទៅចុះហត្ថលេខារួមគ្នាដោយនាយករដ្ឋមន្រ្តីនៃប្រទេសទំាងពីរនៅចុងឆ្នាំ២០១៨នេះ។

លោកបានបន្ដថា នៅក្នុងអំឡុងពេលចុះហត្ថលេខានេះដែរ ភាគីថៃក៏នឹងផ្តល់ជំនួយក្បាលរថភ្លើងចំនួន១គ្រឿងរួមទំាងទូរថភ្លើងចំនួន៤ទូ ដើម្បីបង្ហាញពីការរឹតចំណងមិត្តភាពរវាងប្រទេសទំាងពីរឱ្យកាន់តែស្អិតល្មួត ព្រមទាំងបើក ដំណើរការសេវាដឹកជញ្ជូនទំនិញ និងមនុស្សឆ្លងដែនរវាងប្រទេសទំាងពីរឱ្យកាន់តែមានភាពរលូនដើម្បីបម្រើដល់វិស័យសេដ្ឋកិច្ចជាតិ។

លោកបានបន្ដទៀតថា នៅពេលដែលភាគីទាំងពីរ កម្ពុជា-ថៃ បានចុះហត្ថលេខា ហើយនោះ កម្ពុជាក៏គ្រោងនឹងចុះហត្ថលេខាជាមួយបណ្តាប្រទេសមួយចំនួនទៀត ដើម្បីអាចបើកដំណើរការឆ្លងកាត់រួមគ្នាជាមួយបណ្តាប្រទេសមួយចំនួនក្នុងគម្រោងដឹកជញ្ជូនផ្លូវដែកប្រទេសសិង្ហបុរី គុនមិញនៃសាធារណរដ្ឋប្រជាមានិតចិន។

លោកបានលើកឡើងទៀតថា គម្រោងភ្ជាប់សេវាដឹកជញ្ជូនទំនិញនិងមនុស្សតាមផ្លូវដែករវាងកម្ពុជា-ថៃនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីកាត់បន្ថយការខូចខាតផ្លូវជាតិ និងគ្រោះហានិភ័យផ្សេងៗទៀត ស្របពេលដែលផ្លូវដែកដឹកជញ្ជូនទំនិញបានច្រើន សេវាមានតម្លៃថោក និងចំណេញថវិកាថែមទៀត។

សូមបញ្ជាក់ថា ការឈានទៅភ្ជាប់សេវាដឹកជញ្ជូនផ្លូវដែករវាងកម្ពុជា-ថៃ និងបណ្តាប្រទេសមួយចំនួនទៀតក្នុងតំបន់នេះ បន្ទាប់ពីកម្ពុជាបានកែលម្អរផ្លូវដែករបស់ខ្លួន ស្របតាម ស្តង់ដារ ដើម្បីបម្រើសេវាដឹកជញ្ជូនឆ្លងដែនអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here