អ្នកជំនាញថា៖ ហេដ្ឋារចនាសម្ព័ន្ឋ និងភាពបៃតង ជាបញ្ហាប្រឈមក្នុងវិស័យលំនៅដ្ឋាននៅកម្ពុជា

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ការវិនិយោគដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ឋក្រោមដី និងសហគមន៍មួយមានភាពបៃតងជាទស្សនទាននៃការអភិវឌ្ឍថ្មីមួយ ដែលគិតគូដល់សុខមាលភាពរបស់អ្នករស់​នៅ និងការធានានូវបរិស្ថានរស់នៅប្រកបដោយផាសុខភាព ព្រមទាំងជា​ការអភិវឌ្ឈប្រកបដោយនិរន្តរភាព។

លោកបណ្ឌិតសេង ប៊ុនរិទ្ឋទីប្រឹក្សានៃធនាគារអភិវឌ្ឍន៍អាស៊ី និងជាអគ្គនាយ​កក្រុមហ៊ុន RLS International បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅតាមបណ្តាទីក្រុងរបស់កម្ពុជាភាគ​ច្រើន មិនទាន់គិតគូពីការបែងចែកប្រព័ន្ឋញែករវាងលូទឹកភ្លៀង និងលូទឹកស្អុយនៅឡើយទេ ដោយសារកង្វះខាតធនធានមនុស្ស និងធនធា​នថវិកា ប៉ុន្តែការរៀបចំប្រ​ព័ន្ឋបែបនេះគួរតែធ្វើ ដើម្បីឲ្យទីក្រុងទាំងអស់កម្ពុជាមាន​ប្រព័ន្ឋបែបនេះ ដើម្បីលើកកំពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ។

      លោកបណ្ឌិតបានបន្តថា  “ការបែងចែកប្រព័ន្ឋលូបង្ហូរទឹកភ្លៀង និងទឹកស្អុយដាច់ពីគ្នាមានផលប្រយោជន៍ផ្សេងគ្នា ព្រោះពេលគេឌីសាញលូឡើង គេគិតពីកំពស់ទឹកភ្លៀងដែលនឹងធ្លាក់ចុះមក ដើម្បីធ្វើយ៉ាងណាការពារកុំឲ្យមានការលិចលង់នៅតំបន់ណាមួយ”។ លោកបន្តថា “ករណីចៃដន្យអាក្រ​ក់មានភ្លៀងធ្លាក់ខ្លាំង ហើយតំបន់ ឬបុរីណាមួយគ្មានការបែងចែករវាងទឹកភ្លៀង និងទឹកស្អុយនឹងធ្វើឲ្យលេចប្រព័​ន្ឋលូ ដែលធ្វើឲ្យទឹកស្អុយខ្ពុរឡើងមកខាងលើ និងធ្វើឲ្យទឹកភ្លៀង និងទឹកស្អុយរលាយបញ្ចូលគ្នា ហើយបង្កឲ្យមានមេរោគ និងធ្វើឲ្យមានមេរោគប៉ះពាល់ដល់សុខភាព​ប្រជាពលរដ្ឋ”។

​ការបែងចែករវាងលូទឹកភ្លៀង និងលូទឹកស្អុយ វានឹងមិនធ្វើឲ្យប៉ះពាល់ដល់គុណភាពទឹកក្រោមដី និងទឹកសម្រាប់ប្រើប្រាស់នោះទេ។ ផ្ទុយទៅវិញប្រសិនជាទឹកស្អុយមិនត្រូវបានចំរោះ វានឹងមានហានិភ័យដល់សុខភាពខ្ពស់ ព្រោះតាមរយៈការសិក្សាបានរកឃើញថាប្រជាពលរដ្ឋនៅក្រុងភ្នំពេញ បានប្រើប្រាស់អាងសឹបទិក ឬអាងទឹកក្រោមបង្គន់ ដែលមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ជាអាងធ្វើតាមនឹកឃើញ ដោយមិនបានបិទបាតនោះទេ ដែលធ្វើឲ្យទឹកស្អុយជ្រាបចូលប្រព័ន្ឋទឹកនៅខាងក្រោមដី ហើយប្រសិនជាគាត់ជីកអណ្តូងយកទឹកមកប្រើប្រាស់ នោះមានហានិភ័យខ្ពស់ណាស់ដល់សុខភាព។

      ដោយមើលឃើញបញ្ហានេះ គំរោងសុរិន្ទភូមិ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ព្រែកថ្លឹង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញបាននិងកំពុងវិនិយោគ ដោយផ្តោតលើការសាងសង់លូទឹកភ្លៀង និងទឹកស្អុយចែកដាច់ពីគ្នា និងរៀប​ចំជាតំបន់អេកូបៃតង ដើម្បីធ្វើយ៉ាងណាឲ្យគំរោងនេះ បំរើដល់សុខមាលភាពអ្នករស់នៅ និងជាគំរោងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងគិតគូពីបរិស្ថានសង្គម។

លោកបណ្ឌិតសេង ប៊ុនរិទ្ឋិបានបញ្ជាក់ថា ការរៀបចំគំរោងអភិវឌ្ឍន៍បែបនេះ ពិតជាល្អ ដោយសារមានការបង្កប់ខ្សែភ្លើងក្រោមដី ដែលមិនបារម្ភពីការដាច់ ការឆក់ និងជួយលើកកំពស់សោភ័ណភាពក្នុងគំរោងនេះ ប៉ុន្តែការរៀបចំប្រព័ន្ឋលូចែក​ដាច់ពីគ្នា និងមានទំហំលូទំហំ១.៥០ម៉ែត្រ នឹងមិនធ្វើឲ្យគំរោងនេះប្រឈម​ការលិចទឹកឡើយ ទោះភ្លៀងលិចទីក្រុងភ្នំពេញក្តី។លោកបន្តថា គំរោងនេះអាចចាត់ទុក​ជាគំរោងគំរូមួយ ព្រោះយើងមិនឃើញមានគំរោងណាធ្វើបែបនេះនៅឡើយទេ ពិ​សេសគំរោងនេះ មានប្រព័ន្ឋប្រព្រឹត្តិកម្មចម្រោះទឹកស្អុយ ដែលអាចចម្រោះទឹកបាន៣០០ម៉ែត្រគីបក្នុងមួយថ្ងៃ។

លោកបន្តថា “អ្នកទិញគំរោងអចលនទ្រព្យណាមួយ គួរពិនិត្យនិងស៊ើបសួរពី​ប្រព័ន្ឋលូ និងការឌីសាញឲ្យបានច្បាស់លាស់ ព្រោះតាមខ្ញុំឃើញមានគំរោងដីឡូត៍ភា​គច្រើនមានប្រព័ន្ឋលូ មានទំហំមិនសមស្របតាមស្តង់ដា និងមិនដឹងត្រូវបង្ហូរទៅទីណានោះទេ”។

លោកបណ្ឌិតជា ប៊ុនស៊ាងស្ថាត្យករគូប្លង់អាគារសន្តិភាព និងអាគារ Time Square នៅសហរដ្ឋអាមេរិកបានថ្លែងថា អ្វីដែលលោកផ្តោតគឺរៀបចំសហគមន៍មួយ​ដែលគិតគូដល់បរិស្ថាន និងសុភមង្គលរបស់អ្នករស់នៅ ប៉ុន្តែបច្ចុប្បន្ននៅតាម​បុរី និងគំរោងអភិវឌ្ឍន៍នានានៅរាជធានីភ្នំពេញ មិនទាន់បានគិតគូពីបញ្ហានេះនៅឡើ​យ ដោយពួកគេសាងសង់ប្រព័ន្ឋលូរួមបញ្ចូលគ្នារវាងទឹកភ្លៀង និងទឹកស្អុយដែលពេ​លភ្លៀងមកមានទឹកស្អុយពេញថ្នល់ មានមេរោគ ហើយនៅពេលស្ងួតទៅវិញធ្លាក់ខ្យល់មកធ្វើឲ្យប្រជាពលរដ្ឋមានជំងឺផ្តាសាយ ដោយសារមេរោគហើរតាមខ្យល់ចូលក្នុង​បរិយាកាស។

លោកបណ្ឌិតបន្តថា “ការរៀបចំឲ្យមានប្រព័ន្ឋលូដាច់ពីគ្នា មានផ្ទៃដី៤០ភាគ​រយដាំដោយដើមឈើដូចជាក្នុងគំរោងសុរិន្ទភូមិ ធ្វើឲ្យសហគមន៍អ្នករស់នៅមិនប្រ​ឈមជាមួយមេរោគ និងធ្វើឲ្យមានសុខភាពល្អ និងមានបរិស្ថានស្អាត”។លោកបន្តថា “ខ្ញុំចង់ធ្វើឲ្យគំរោងនេះក្លាយជាភូមិករ ដោយសង់របងទាបៗដែលធ្វើឲ្យអ្នក​រស់នៅក្នុងសហគមន៍មើលគ្នាឃើញ ស្គាល់គ្នាពីដើមរហូតដល់ចុងភូមិ មានទំនាក់ទំនងគ្នានិងរស់នៅបែបសហគមន៍តែមួយ”។

លោកបណ្ឌិតជា ប៊ុនស៊ាងបានបន្តថា នៅកម្ពុជាគេសាងសង់បុរី ធ្វើរបងខ្ពស់ៗ មនុស្សមិនអាចទំនាក់ទំនងគ្នាបាន ហើយមានបែងចែកប្លុកអ្នកមាន និងអ្នកក្រដែលធ្វើឲ្យមនុស្សមិនអាចទំនាក់ទំនងគ្នាបាន ប៉ុន្តែគំរោងសុរិន្ទភូមិលោកឌីសាញ​ឡើងចង់ឲ្យមនុស្សរស់នៅជុំគ្នា ក្នុងសហគមន៍បែតង និងមានបរិស្ថានស្អាត ហើយនេះជាគំរោងមួយ ដែលលោកចង់ផ្លាស់ប្តូរចរិកនៃអ្នកអភិវឌ្ឍន៍ ប៉ុន្តែដើម្បីយើងដូរគេ​បាន យើងត្រូវធ្វើជាគំរូឲ្យគេមើលសិន។

លោកបន្តដោយលើកជាសំណួរថា “បើយើងធ្វើបាន ហេតុអីពួកគេធ្វើមិនបាន ហើយការចំណាយមិនខ្ពស់នោះទេ គ្រាន់តែបន្ថែមលូមួយទៀត ដូច្នេះអ្នកអភិវឌ្ឍន៍គួរគិតគូពីសុខមាលភាពរបស់ប្រជាពលរដ្ឋ និងនិរន្តរភាពនៃបរិស្ថាន”។លោកបន្តថា “កុំធ្វើអ្វីមួយចេះតែ​និយាយថាធ្វើសិនៗ បើដូច្នេះយើងមិនអាចប្រកួតប្រជែងជា​មួយប្រទេសក្នុងតំបន់​បានទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here