ដោយ វុត្ថា
ភ្នំពេញ៖ តើរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបាននិងកំពុងធ្វើអ្វីខ្លះ ដើម្បីការរីកចម្រើននិងវិបុលភាពតំបន់? វាជាសំណួរធំមួយដែលត្រូវឆ្លើយនៅក្នុងពេលបន្តិចទៀតនេះ។
កំណត់តាមប្រតិទិនរបស់ខ្លួន បណ្តារដ្ឋមន្រ្តីនៃសមាគមប្រជាជាតិអាស៊ីអាគ្មេយ៍បានចូលរួម ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក CHAN CHUN SING រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរីកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៨។ កិច្ចប្រជុំនេះ ក៏មានការចួលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច និងគណៈប្រតិភូរបស់ប្រទេសសមាជិកអាស៊ាន រដ្ឋមន្រ្តីនិងគណៈប្រតិភូនៃប្រទេសជាដៃគូ អគ្គលេខាធិការអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន ដោយលទ្ធផលសំខាន់ៗដូចខាងក្រោម។
១. កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចមេគង្គ-ជប៉ុនលើកទី១០
រដ្ឋមន្រ្តីសេដ្ឋកិច្ចមេគង្គ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ) និងជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌមេគង្គ-ជប៉ុន ជាពិសេសលើការអនុវត្តគម្រោង និងទស្សនវិស័យអភិវឌ្ឍន៍ឧស្សាហកម្មមេគង្គ-ជប៉ុន និងការធ្វើឲ្យកាន់តែស៊ីជម្រៅក្នុងក្របខ័ណ្ឌអនុតំបន់មេគង្គ។
២.កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន- ចិនលើកទី១៧
កិច្ចពិគ្រោះយោបល់បានពិភាក្សាលើចំណុចសំខាន់ៗមួយចំនួន ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន។ ក្នុងនោះមានការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន របាយការណ៍វឌ្ឍនភាពនៃសេចក្តីប្រកាសរួមស្តីពីសហប្រតិបត្តិការសមត្ថភាពផលិតកម្ម និងការតភ្ជាប់ហេដ្ឋារចនាសម័្ពន្ធ កិច្ចសហប្រតិបត្តិការលើគំនិតផ្តួចផ្តើមវិថីមួយ-ខ្សែក្រវាត់មួយ។ កិច្ចសហប្រតិបត្តិការលើជំនួយអាស៊ាន-ចិន ជាដើម ដោយបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងធ្វើការរួមគ្នា ដើម្បីជំរុញទំនាក់ទំនងកាន់តែជិតស្និតបន្ថែមទៀត។
៣. កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន- ជប៉ុន លើកទី២៤
កិច្ចពិគ្រោះយោបល់ បានស្វាគមន៍កិច្ចសន្ទនា រវាងសហព័ន្ធសភាពាណិជ្ជកម្មជប៉ុន និងឧស្សាហកម្មអាស៊ាន លើគំនិតផ្តួចផ្តើម ក្នុងគោលដៅជំរុញនវានុវត្តន៍ ពង្រឹងវិស័យធុរកិច្ច និងអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។
កិច្ចពិគ្រោះយោបល់ បានកត់សម្គាល់លើគម្រោងនានា ក្រោមគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្មរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម ជប៉ុន (AMEICC) ជាពិសេសទាក់ទងនឹងការអភិវឌ្ឍ វិស័យធុរកិច្ចឧស្សាហកម្ម កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យម ក្នុងគោលដៅជំរុញការអភិវឌ្ឍន៍ និងពង្រឹងទំនាក់ទំនងរវាងអាស៊ាន-ជប៉ុន ឲ្យកាន់តែស៊ីជម្រៅថែមទៀត។
បន្ថែមពីនេះទៀត កិច្ចពិគ្រោះយោបល់ក៏បានពិភាក្សា លើវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយអាស៊ាន-ជប៉ុន ដោយបានជំរុញភាគីពាក់ព័ន្ធទាំងអស់ ពន្លឿនលើការបញ្ចប់ពិធីសារទី១ស្តីពី ការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន-ជប៉ុន ដើម្បីអាចចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១ នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ។
៤. កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន- កូរ៉េ លើកទី១៥
កិច្ចពិគ្រោះយោបល់បានកត់សម្គាល់ ពីសកម្មភាពសហប្រតិបត្តិការនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កូរ៉េ ដែលផ្តោតសំខាន់លើវេទិកាធុរកិច្ចអាស៊ាន-កូរ៉េក្នុងការចែករំលែកបទពិសោធន៍ ក៏ដូចជាសហប្រតិបត្តិការសេដ្ឋកិច្ច និងការជំរុញកិច្ចសហការរវាងសហគ្រាសធុនតូច និងមធ្យម ក្នុងអាស៊ាន និងកូរ៉េ និងកម្មវិធី TASK ដែលបាននឹងកំពុងជួយប្រឹក្សា និងបណ្តុះបណ្តាលសហគ្រាសក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងវៀតណាម។
កិច្ចពិគ្រោះយោបល់ក៏បានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃការផ្តល់សច្ចាប័នលើពិធីសារទី៣ស្តីពី ការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្ម ទំនិញអាស៊ាន-កូរ៉េ និងបានជំរុញឲ្យភាគី នៃកិច្ចព្រមព្រៀងពន្លឿនការធ្វើសេរីភាវូបនីយកម្ម បន្ថែមក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-កូរ៉េ។
៥. កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបីលើកទី២១
កិច្ចពិគ្រោះយោបល់បានស្វាគមន៍ និងវាយតម្លៃខ្ពស់នូវរបាយការណ៍ និងអនុសាសន៍ របស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ជាពិសេសលើការចូលរួមសម្របសម្រួលការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ីខាងកើត និងការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ស្របតាមគោលការណ៍អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
កិច្ចពិគ្រោះយោបល់ក៏បានអនុម័ត លើផែនការសកម្មភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានបូកបី២០១៩-២០២០ ដែលរួមបញ្ចូលនូវសកម្មភាពសំខាន់ៗជាច្រើនដូចជា សកម្មភាពស្រាវជ្រាវរួម ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម កិច្ចសម្រួលពាណិជ្ជកម្ម កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលផងដែរ។
៦.កិច្ចប្រជុំរដ្ឋមន្រ្តី នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់លើកទី៦
កិច្ចប្រជុំនេះបានពិភាក្សាលើ បញ្ហានៅសេសសល់មួយចំនួន ដែលត្រូវការការសម្រេច និងការណែនាំពីថ្នាក់រដ្ឋមន្រ្តី ដែលផ្តោតសំខាន់លើវិស័យធំៗទាំងបួន រួមមានពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម ការវិនិយោគ និងកម្មសិទ្ធិបញ្ញា៕