ដោយគង់ សូរិយា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងឧស្សាហកម្ម និងសិប្បកម្មនឹងចាប់ផ្តើមអនុវត្តន៍គំរោងចំនួនបី ដើម្បីលើកស្ទួយវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាដែលត្រូវបានចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។
រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មលោកហេង សុខគង់បានមានប្រសាសន៍ឲ្យដឹងក្នុងពិព៌ណសហគ្រាសធុនតូច និងមធ្យមរយៈពេលពីរថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី១ដល់២កញ្ញាខាងមុខនេះថា រដ្ឋាភិបាលនឹងអនុម័តលើគម្រោង៣សំខាន់ៗ សម្រាប់លើកស្ទួយ ដល់សហគ្រាសធនតូចនិងមធ្យមផងដែរ មានដូចជា ការលើកស្ទួយវិស័យម្ហូបអាហារ ការជួយបណ្ដុះបណ្ដាលសហគ្រិនភាព និងការអភិវឌ្ឍន៍ជំនាញដែលគម្រោងទាំងនេះ នឹងចាប់ផ្ដើមនៅឆ្នាំ២០១៩ ដើម្បីជំរុញសហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជាអោយកាន់តែរីកចំរើន កាត់បន្ថយការនាំចូល និងពង្រីកការនាំចេញ។
លោកបន្តថា “សព្វថ្ងៃកម្ពុជាមានសហគ្រាសប្រមាណ៥២ម៉ឺនសហគ្រាស ដោយក្នុងនោះជាង៩៩ភាគរយ ជាសហគ្រាសធនតូចបំផុត និងមធ្យម។ កំនើនដ៏ច្រើននៃសហគ្រាសធនតូចនិងមធ្យមនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ”។
គិតត្រឹមដំណាច់ឆ្នាំ២០១៧ វិស័យឧស្សាហកម្ម និងសិប្បកម្មបានរួមចំណែករហូតដល់៣០ភាគរយនៃផលទុនជាតិសរុប ដែលវាដើរលឿនជាងផែនការរហូតដល់៨ឆ្នាំ ដោយផែនការគិតថាទាល់តែឆ្នាំ២០២៥ ទើបសម្រេចបាន៣០ភាគរយ ដែលវិស័យនេះអាចរួមចំណែកផលទុបជាតិសរុប។
លោកហេង សុខគង់បានបន្តថា សព្វថ្ងៃរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ជាខ្លាំង ក្នុងការជួយអភិវឌ្ឍសហគ្រាសខ្នាតតូចនិងមធ្យម ដោយរដ្ឋាបាននឹងបង្កើតធនាគារ SME ក្នុងឆ្នាំ២០១៩ ក្នុងដើមទុនដំបូងចំនួន១០០លានដុល្លារអាមេរិក ដើម្បីផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុដល់សហគ្រាសខ្នាតតូចខ្នាតមធ្យមទាំងអស់៕