ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២នៅតែមិនទាន់មានភាពប្រាកដប្រជាថា នឹងសម្រេចបាននូវកំណើនដូចការព្យាករណ៍របស់ស្ថាប័នអន្តរជាតិ ឬស្ថាប័នជាតិខ្លួនឯងនៅឡើយ ដោយសារតែកូវីដ១៩ នៅតែមិនទាន់បានបញ្ចប់ទាំងស្រុង និងមានការបំប្លែងខ្លួនជាបន្តបន្ទាប់។
ធនាគារពិភពលោក ក៏បានផ្ដល់ជាអនុសាសន៍មួយចំនួន ដល់កម្ពុជាសម្រាប់ជាទុន ក្នុងការស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញពីវិបត្តិកូវីដ១៩។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ប្រចាំកម្ពុជាចេញផ្សាយថ្ងៃទី៩ធ្នូ២០២១នេះឱ្យផ្ដល់ជាអនុសាសន៍ថា កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់នូវផ្នែកសំខាន់ៗមួយចំនួន ក្នុងនោះមានការដាក់ចេញនូវវិធានការនិងបទប្បញ្ញត្តិច្បាស់លាស់ស្ដីពី ការរៀនរស់ជាមួយកូវីដ១៩ ស្របតាមគន្លប្រក្រតីភាពថ្មី វិធានការផ្នែកប្បញ្ញត្តិ និងផ្នែកសារពើពន្ធ ដែលជួយដល់ការរស់រានឡើងវិញ របស់វិស័យទេសចរណ៍ និងការដាក់ចេញជាបន្ទាន់នូវបទប្បញ្ញត្តិនានាសម្រាប់អនុវត្តច្បាប់វិនិយោគថ្មី។
របាយការណ៍បន្តថា កាលណាការងើបឡើងវិញ នៃសេដ្ឋកិច្ចលេចចេញជារូបរាងហើយ កម្ពុជាអាចចាប់ផ្ដើមរៀបចំកែសម្រួល លំហសារពើពន្ធរបស់ខ្លួនឡើងវិញ។ ជាមួយគ្នានោះ បន្តតាមដានមើលលើគុណភាពរបស់ធនធាន និងបង្កើនភាពទុកចិត្តលើប្រព័ន្ធធនាគារ ឱ្យបានកាន់តែប្រសើរឡើងថែមទៀត ។
របាយការណ៍នេះមានជំពូកពិសេសមួយ បានពិនិត្យទៅលើផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើការរៀនសូត្រ និងការរកចំណូល។ ជំពូកនេះបានឱ្យដឹងថា ការបិទសាលារៀន បាននាំមកនូវការខាតបង់ធំធេង នៅទូទាំងប្រទេស។
ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំបង្កើតជម្រើសកម្មវិធីច្រើនយ៉ាង សម្រាប់ការរៀនពីចម្ងាយក៏ពិតមែន ប៉ុន្តែសិស្សមួយចំនួននៅតែមិនអាចប្រើប្រាស់វាបាន ឬមិនបានប្រើប្រាស់វាសោះតែម្តង។ សិស្សណាដែលរៀនមិនបានជាប់លាប់ ឬដែលបោះបង់ចោលការសិក្សា នឹងមានលទ្ធភាពអាចរកបានចំណូលតិចតួច ក្នុងមួយជីវិតរបស់ខ្លួន ខុសពីអ្នកដែលបានរៀនសូត្រគ្រប់គ្រាន់។ ការខាតបង់ការរៀនសូត្រ ដោយសារតែការបិទសាលារៀន ក្នុងអំឡុងពេលមានការរាតត្បាតជំងឺនេះ នឹងបង្កឱ្យមាននូវវិបាកធំធេងផ្នែកសេដ្ឋកិច្ច ដោយវានឹងកាត់បន្ថយប្រាក់ចំណូលរំពឹងទុក ប្រចាំឆ្នាំរបស់ក្រុមជនក្រីក្រ អស់ចំនួនប្រមាណ៧៣៨ដុល្លារអាមេរិក សម្រាប់មនុស្សម្នាក់ នេះបើនិយាយក្នុងន័យធៀប អំពីលទ្ធភាពក្នុងការទិញសម្រាប់ពួកគេ។
របាយការណ៍បានផ្តល់អនុសាសន៍ថា កម្ពុជាចាំបាច់ត្រូវវិនិយោគបន្ថែមលើធនធានមនុស្ស អមដោយការចាត់វិធានការ ឱ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់ការឈប់រៀន ធ្វើការវាយតម្លៃការរៀនសូត្ររបស់សិស្ស និងអនុវត្តបច្ចេកទេស សម្រាប់ស្តារការរៀនឡើងវិញ ដើម្បីជួយឱ្យសិស្សអាចបំពេញបានមកវិញ នូវអ្វីដែលគេខាតបង់ ដោយសារការបិទសាលាកន្លងមក ។
លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសហព័ន្ធវិស័យអប់រំកម្ពុជា ក៏បាន ឱ្យដឹងផងដែរថា ការសិក្សាតាមអនឡាញ វាមិនមានប្រសិទ្ធភាពដូចការសិក្សាផ្ទាល់ទេ ហើយសិស្សនៅតាមទីជនបទ ក៏មិនបានសិក្សាតាមអនឡាញដូចសិស្សនៅទីក្រុងដែរ ដោយសារតែមិនមានសេវាអ៊ីនធើណេតសំបូរបែប។ ដូច្នេះការបិទសាលារៀន នឹងធ្វើប៉ះពាល់ដល់ការសម្រេចឱ្យបាននូវផែនរបស់រាជរដ្ឋាភិបាល ក្នុងការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
ក្នុងរបាយការណ៍របស់ធនាគារពិភពលោក បានបង្ហាញផងដែរថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចលើសផែនការ សម្រាប់ឆ្នាំ២០២១តែឆ្នាំ២០២២ អាចនឹងខ្ពស់ជាងការព្យាករណ៍ ឬក៏អាចទាបជាងការព្យាករណ៍ដែរ ដោយសារតែភាពមិនច្បាស់លាស់នៃកូវីដ១៩៕