បារាំនឹងចូលរួមជាមួយក្រសួងដែនដីដើម្បីជំរុញការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ លោក Jaccques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានសន្យាថានឹងបន្តកិច្ចសហប្រតិបត្តិ ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា ក្នុងការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជាកាន់តែរីកចម្រើននិងរលូនបន្ថែមទៀត។

នេះបើតាមការលើកឡើងរបស់លោក ក្នុងជំនួបជាមួយលោកឧបនា​យករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅព្រឹកថ្ងៃទី៩ធ្នូ២០២១នេះ។ លោកបន្តថា ជំនួបរបស់លោកជាមួយរដ្ឋមន្ត្រីដែនដី ក៏ដើម្បីស្វែងយល់អំពីវិស័យសំណង់ និងការរៀបចំទីក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្វែងយល់អំពីចក្ខុវិស័យរបស់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ក្នុងវិស័យសំណង់និងការរៀបចំទីក្រុង ក្នុងកម្ពុជានិងបញ្ហាប្រឈមដែលក្រសួងកំពុងតែជួបប្រទះផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញជូន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា អំពីការងារមួយចំនួន ដូចជា ការប្រៀបធៀបការអនុវត្តច្បាប់ស្ដីពីសំណង់មុន និងក្រោយច្បាប់ស្ដីពី សំណង់ត្រូវបានដាក់ឲ្យប្រើប្រាស់ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមក និងបានលើកឡើងអំពីការងារមួយចំនួនដែលបានពិភាក្សា ក្នុងជំនួបកន្លងមកជាមួយ លោកជំទាវ Eva Nguyen Binh កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ និងបានឲ្យដឹងថាចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ ២០១៨ មានគម្រោងវិនិយោគរបស់ក្រុមហ៊ុន នៃប្រទេសបារាំងចំនួន6គម្រោង មានផ្ទៃក្រឡាសំណង់សរុប 64,265 ម៉ែត្រក្រឡានិងមានទុនវិនិយោគចំនួន 18,485,290 ដុល្លារអាមេរិក។

ក្រុមហ៊ុននៃប្រទេសបារាំង ដែលមានចុះបញ្ជីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅមានសុពលភាព មានចំនួន៤ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនសាងសង់មួយ និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ចំនួន៣ ។

លោកបានលើកឡើងថា បារាំងនិងកម្ពុជាមានទំនាក់ទំនងការទូតជាមួយគ្នាជាយូរណាស់មកហើយ។ រដ្ឋាភិបាលបារាំងបានផ្ដល់ជំនួយដល់កម្ពុជាស្ទើរគ្រប់វិស័យ ក្នុងនោះមានវិស័យកសិកម្ម អប់រំ សុខាភិបាល ការពារជាតិ អភិវឌ្ឍន៍ជនបទ វប្បធម៌និងអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា។ ក្រៅពីនេះទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍(AFD)បានសន្យាផ្ដល់ហិរញ្ញប្បទាន ដល់កម្ពុជាពី 100 ទៅ 120 លានអឺរ៉ូ ក្នុងមួយឆ្នាំផងដែរ។

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើរ ព្រមទាំងបានសន្យា នឹងបន្តកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ជាមួយក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ អោយដំណើរការកាន់តែរលូនបន្តទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here