ដោយៈជេស៊ីកា
សៀមរាបៈ រដ្ឋបាលខេត្តសៀមរាបបាន និងកំពុងសហការជាមួយអ្នកជំនាញជប៉ុន ដើម្បីធ្វើកិច្ចការសំខាន់ៗចំនួន៤ ដើម្បីប្រែក្លាយក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន។
លោកទៀ សីហាអភិបាលខេត្តសៀមរាប លោកលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជាបានចុះហត្ថលេខា លើកំណត់ត្រាលើកិច្ចពិភាក្សា នៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការ បច្ចេកទេសសម្រាប់គម្រោងទីក្រុងឆ្លាតវៃ
នៅសាលាខេត្តសៀមរាបកាលពីថ្ងៃទី៨ ធ្នូកន្លងមកនេះ។
លោកអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីសម្រេចបាននូវការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ឲ្យស្របតាមផែនការទីក្រុងឆ្លាតវៃ របស់សមាគមបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន រដ្ឋបាលខេត្តក៏បានរៀបចំ ជាសំណើ (Proposal) ដើម្បីដាក់ស្នើសុំជូន ទៅទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការស្នើសុំគម្រោងកិច្ចសហប្រតិបត្តិការ បច្ចេកទេស សម្រាប់រៀបចំទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប នៃខេត្តសៀមរាប ឲ្យក្លាយជាទីក្រុងឆ្លាតវៃ កាលពីឆ្នាំ២០១៩កន្លងទៅ ។
ជាការឆ្លើយតបតាមសំណើ ស្នើសុំរបស់រដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានទទួលយកសំណើ (Proposal) របស់រដ្ឋបាលខេត្តសៀមរាប ដើម្បីជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន។
លោកទៀ សីហាបានបន្តថា ក្នុងរយៈពេលមួយឆ្នាំ ជាងនៃការសិក្សាទិន្នន័យបឋមអំពីគម្រោងទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាប(Basic Survey)នេះ ក្រុមការងារសិក្សានេះ ក៏បានរៀបចំជាសេចក្តីព្រាងផែនការមេ ចង្អុលផ្លូវសម្រាប់ការរៀបចំក្រុងសៀមរាប នៃខេត្តសៀមរាបជាទីក្រុងឆ្លាតវៃ ដោយនៅក្នុងសេចក្តីព្រាងផែនការមេចង្អុលផ្លូវនេះ គឺផ្តោតលើផ្នែកសំខាន់ៗចំនួន០៤ គឺ ការរៀបចំទេសចរណ៍ឆ្លាតវៃ (Smart Tourism) ការរៀបចំប្រព័ន្ធសន្តិសុខឆ្លាតវៃ (Smart Security) ការរៀបចំប្រព័ន្ធចល័តឆ្លាតវៃ (Smart Mobility) និង ការរៀបចំប្រព័ន្ធគ្រប់គ្រងកាកសំណល់ឆ្លាតវៃ (Smart Waste Management )។
លោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា ខេត្តសៀមរាប ជាខេត្តវប្បធម៌ប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ នៃសេដ្ឋកិច្ចជាតិ ហើយនៅពេលខាងមុខ នឹងធ្វើឲ្យក្រុងសៀមរាប ក្លាយជាក្រុងគំរូ ក្នុងតំបន់អាស៊ាន ជាក្រុងឆ្លាតវៃ ប្រកបទៅដោយបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃ នឹងពិតជាចូលរួមចំណែកអភិវឌ្ឍន៍ ខេត្តសៀមរាបទៀតផង៕