តំបន់ច្រកព្រំដែន២ រំពឹងថានឹងមានសន្ទុះកំណើនវិនិយោគលើអចលនទ្រព្យខ្លាំងនៅពេលឆាប់ៗ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ តំបន់ច្រកព្រំដែនកម្ពុជាចំនួនពីរ ត្រូវបានមើលឃើញថាកំពុងមានសក្ដានុពល និងកាន់តែមានសក្ដានុពលក្នុងការទាក់ទាញវិនិយោគិនក្នុងវិស័យអចលនទ្រព្យ ហើយនឹងជំរុញឱ្យតម្លៃដីធ្លីកាន់តែមានសន្ទុះងើបឡើងបន្តទៀត។

លោកឧកញ៉ាសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី៩ ធ្នូកន្លងមកថា តំបន់តាមព្រំដែន នៃប្រទេសកម្ពុជាជាតំបន់ ដែលមានសក្ដានុពលខ្ពស់ ប៉ុន្តែតំបន់ទាំងនោះ បានជួបប្រទះនូវបញ្ហាពីរសំខាន់ៗគឺ ក្រោយការចាកចេញពីជនជាតិចិន ក្រោយរដ្ឋាភិបាលបិទហ្គេមអនឡាញ និងបញ្ហាកូវីដ១៩ ។

លោកឧកញ៉ាបន្តថា បន្ទាប់ពីបានជួបនូវព្រឹត្តិការណ៍ទាំងពីរនេះ តំបន់នៅតាមព្រំដែន ក៏មានសភាពនៅទ្រឹង មិនមានការវិនិយោគច្រើននោះទេ ប៉ុន្តែ នៅក្រោយស្ថានភាពកូវីដ១៩ បានធូរស្រាលឡើងវិញ សកម្មភាពនៅតំបន់ទាំងនោះ ក៏ហាក់បានប្រសើរតែមិនទាន់ខ្លាំង ដោយរំពឹងថាវានឹងមានសកម្មភាពកាន់តែខ្លាំង នៅដើមឆ្នាំ២០២១ខាងមុខនេះ អំឡុងចុងត្រីមាសទី១ ពោលគឺនៅក្រោយពិធីបុណ្យចូលឆ្នាំចិន ដោយរំពឹងថាវិនិយោគិនចិនជាច្រើននឹងចូលមកកម្ពុជាឡើងវិញ ស្វែងរកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ។

លោកបន្តថា បច្ចុប្បន្ននេះ តំបន់ច្រកព្រំដែនពីរ ត្រូវបានមើលឃើញថាកំពុងមានសក្ដានុពល ក្នុងការវិនិយោគរួមមានក្រុងបាវិត និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។តំបន់ទាំងនេះ ហាក់មានសកម្មភាពវិនិយោគខ្លាំងគ្រាមុនកូវីដ១៩។

លោកឧកញ៉ាបន្ថែមថា តំបន់ច្រកព្រំដែន ដែលមានសក្ដានុពលខ្លាំងនៅពេលនេះ យើងឃើញមាននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាច្រកព្រំដែនកម្ពុជានិងថៃ ក្រុងបាវិតនៃខេត្តស្វាយរៀង ច្រកព្រំដែនកម្ពុជា វៀតណាម និងខេត្តព្រះសីហនុ ដែលមានកំពង់ផែទឹកជ្រៅតែមួយនៅកម្ពុជា ។

លោកសំ សុខនឿនបានបន្តថា “តំបន់ទាំងនេះ នឹងធ្វើតម្លៃដីធ្លីមានការកើនឡើងបន្ថែមទៀត បន្ទាប់ពីមានការហូរចូលវិនិយោគិនមកពីចិន និងពីប្រទេសផ្សេងទៀតទៅកាន់តំបន់ទាំងនោះ”។

ជាមួយគ្នានេះ លោកឧកញ៉ា នួន រឹទ្ធីអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA ក៏បានឱ្យដឹងថា រាជរដ្ឋាភិបាលក៏បាន និងកំពុងសិក្សានិងកសា​ងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ និងក្រុងបាវិត។ ដូច្នេះ នៅពេលសាងសង់រួច និងនៅពេលអនាគតតំបន់ទាំងពីរនេះ នឹងកាន់តែខិតជិតរាជធានីភ្នំពេញ ដោយការធ្វើដំណើរកាន់តែលឿន និងចំណេញថវិកាហើយវិនិយោគិន នឹងកាន់តែងាយស្រួល ក្នុងការធ្វើដំណើរទៅកាន់តំបន់ទាំងពីរនោះ ។

ធនាគារអន្តរជាតិ ក៏បានផ្ដោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្រុងពីរនៃព្រំដែនកម្ពុជា រួមមាន ក្រុងបាវិតខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ដូច្នេះនៅពេលគម្រោងនោះ ចាប់ផ្ដើមដំណើរការនិងរួចរាល់វានឹងក្លាយចលករ ដ៏សំខាន់មួយបន្ថែមទៀត សម្រាប់ជំរុញ កំណើ​ននៃការវិនិយោគនៅតំបន់ទាំងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here