ក្រសួង​រកឃើញ​រថយន្តកុងតឺនើជិត ៥០០គ្រឿងមានកំហុសបច្ចេកទេសក្នុងកំពង់ផែស្វយ័តខេត្តព្រះសីហនុ

0

ដោយ៖សុផារី

ខេត្តព្រះសីហនុ៖ ក្រុមការងារត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចណ៍ផ្លូវគោកនៅគោលដៅដើមទីកំពង់ផែស្វ័យតក្រុងព្រះសីហនុ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានត្រួតពិនិត្យយានយន្តសរុបចំនួន១៤៩៣៧គ្រឿង ក្នុងនោះបានរកឃើញយានយន្តមានកំហុសសរុបចំនួន៤៦៤គ្រឿង និងយានយន្តត្រឹមត្រូវមានចំនួន ១៤៤៧៣គ្រឿង ទឹកប្រាក់ពិន័យបានចំនួន២៨៥ ២២៥ ០០០រៀល (ពីររយប៉ែតសិបប្រាំលាន ពីររយម្ភៃប្រាំពាន់រៀល)។

ជាលទ្ធផលនៃការ​ចុះ​ត្រួត​ពិនិត្យ​របស់​​ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ ត្រួតពិនិត្យ រឹតបន្តឹង ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅគោលដៅដើមទី បានដឹកនាំក្រុមការងារចុះ ត្រួត ពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងបណ្ណបើកបររបស់អ្នកបើករថយន្តដឹកទំនិញចេញ-ចូល កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ទាក់ទងនឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត លោក សេង ឈួន បានឱ្យដឹងថាយានយន្តកុងតឺន័រមួយចំនួនត្រូវបានរកឃើញមានបញ្ហាបច្ចេកទេស និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវដែលក្នុងនោះរួមមានដូចជា គន្លឹះកុងតឺន័រខូច ឬមិនដំណើរការ សម្បកកង់រថយន្តសឹកខ្លាំង ការប្រើប្រាស់ បណ្ណបើកបរខុសប្រភេទយាន និងវិញ្ញាបនបត្រត្រួតលក្ខណៈបច្ចេកទេស របស់រថយន្ត ហួស សុពលភាព ជាដើម។

លោកបានអំពាវនាវឱ្យអ្នកបើកបរយានយន្តដឹកកុងតឺន័រទាំងអស់គោរពច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក អនុវត្តលក្ខខណ្ឌបច្ចេកទេសយានយន្តឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវប្រើប្រាស់បណ្ណបើកបរ ឱ្យបានត្រឹមត្រូវតាមប្រភេទយានដែលខ្លួនបើកបរ ធ្វើយ៉ាងណាដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ ដែលបង្កពីការធ្វេសប្រហែស មិនយកចិត្តទុកដាក់ មិនគោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here