ក្រុមហ៊ុនអាហារទាន់ចិត្តដ៏ធំរបស់អាមេរិកបានបើកដំណើរការជាផ្លូវការនៅកម្ពុជា

0

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ហាងភីហ្សាហាត់ (Pizza Hut) ជាម៉ាកយីហោដ៏ធំមួយរបស់អាមេរិក បានបើកសម្ភោធដំណើរការជាផ្លូវការ នៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន យូណាយធីត ហ៊្វូដ បានមានប្រសាសន៍ឲ្យដឹងថា ភីហ្សាហាត់ គឺជាស្លាកសញ្ញានៅលើពិភពលោក ហើយមានសាខាច្រើនជាង ១៨,០០០ហាង នៅក្នុងជាង ១០០ប្រ​ទេស ហើយប្រទេសកម្ពុជាគឺជាទីផ្សារទី១១០ របស់ភីហ្សាហាត់។

លោកបន្តថា បច្ចុប្បន្ននេះ ក្រុមហ៊ុនយូណាធីត ហ៊្វូដ ក៏បាននាំយកសិទ្ធិផ្តាច់មុខភីហ្សាហាត់ មកកាន់ទីផ្សារប្រទេសកម្ពុជា ហើយមានផែនការពង្រីកអាជីវកម្មមួយនេះឥតឈប់ឈរ។

ហាងភីហ្សាហាត់ សាខាទី១ ផ្សារទួលទំពូង ត្រូវបានបើកបម្រើសេវាកម្មនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សាខាទី២ ភីស្សាហាត់កាល់ម៉ែត្រ ត្រូវបានបើកដំណើរការនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ និងសាខាទី៣ ភីហ្សាហាត់បឹងកេងកង ដែលកំពុងប្រារព្ធពិធីសម្ពោធសាខាចំបងនៅថ្ងៃនេះ។ នៅចុងឆ្នាំ២០២១នេះ ភីស្សាហាត់កម្ពុជានឹងបើកសាខាថ្មី២បន្ថែមទៀត ហើយនៅចន្លោះ២-៣ឆ្នាំខាងមុខនេះ ភីហ្សាហាត់កម្ពុជា គ្រោងបើកសាខាប្រមាណ ៣០សាខាបន្ថែមទៀត ដែលការបើកហាងថ្មីទាំងនេះ នឹងបង្កើតការងារថ្មីប្រហែលច្រើនជាង៨០០កន្លែង សម្រាប់ប្រជាជនកម្ពុជារបស់យើង។

នាឱកាសនេៈដែរ លោកស្រី Higgins Lauren តំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហាញនូវចំណាប់អារម្មណ៍ថា ភីហ្សាហាត់គឺជាហាងភីហ្សា ដែលចំណាស់ជាងគេនៅសហរដ្ឋអាមេរិក ហើយាលោកស្រីពិតជារំភើបណាស់ ដែលបានឃើញម៉ាកយីហោដ៏ល្បីមួយនេះ មានវត្តមាននៅប្រទេសកម្ពុជា។

លោកស្រីបន្តថា ស្ថានទូតអាមេរិកប្រចាំកម្ពុជា តែងតែផ្តល់ព័ត៌មានទៅកាន់ធុរជន និងវិនិយោគិនអាមេរិក អំពីឱកាសធុរកិច្ច និងវិនិយោគនៅប្រទេសកម្ពុជា និងជួយសម្របសម្រួល ក្នុងការប្រកបអាជីវកម្មរបស់ពួកគេនៅកម្ពុជា។ សហរដ្ឋអាមេរិក គឺជាដៃគូសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់កម្ពុជា ហើយទោះបីជាមានបញ្ហាប្រឈម ក្នុងរយៈពេល២ឆ្នាំកន្លងមកក៏ដោយ ក៏ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាមេរិក និងកម្ពុជា បានកើនឡើងប្រាំបីដងពី ៨៥០លានដុល្លារអាមេរិក កាលពី២០ឆ្នាំមុន កើនដល់៦.៩ពាន់លាន ដុល្លារអាមេរិក កាលពីឆ្នាំ២០២០។
ជាមួយគ្នានេះកៅ កោសល នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃ​ក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា បានចូលរួមអបអរសាទរចំពោះ លោក គុយ វ៉ាត ដែលជានាយកក្រុមហ៊ុន United Food Group ដែលបានចំណាយទុនវិនិយោគ ក្នុងវិស័យម្ហូបអាហារ ឆ្លើយតបទៅនឹងការរីកចម្រើននៃសេដ្ធកិច្ចកម្ពុជា។

លោកបន្តថា នេះបង្ហាញឱ្យឃើញពីទំនុកចិត្ត របស់វិនិយោគិនក្នុងស្រុក ក៏ដូចជាវិនិយាគគិនក្រៅប្រទេស មកលើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាមគ្គុទេសក៍ឆ្នើមរបស់ប្រជាជនកម្ពុជា”។លោកបន្តថា “វត្តមានរបស់ភីហ្សាហាត់ នឹងរួមចំណែក បង្កើតការងារ និងប្រាក់ចំណូលជូនប្រជាជន ជួយលើកកម្ពស់វិស័យម្ហូបអាហារ និងជួយផ្គត់ផ្គង់ដល់ ទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្តនៅកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here