ដោយៈវឌ្ឍនៈ
ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជាបាន និងកំពុងធ្វើពិពិធកម្មបន្តិចម្ដងៗ ដោយពេលនេះវិស័យអចលនទ្រព្យ កំពុងក្លាយជាវិស័យមួយសំខាន់ ក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកផាន់ ផល្លារបានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី១៤ ធ្នូកន្លងមកថា សម្រាប់ឆ្នាំ២០២២ ខាងមុខនេះ រដ្ឋាភិបាលបានកំណត់យក វិស័យឧស្សាហកម្មកាត់ដេរ វិស័យកសិកម្ម សេវាកម្ម និងវិស័យអចលនវត្ថុ គឺជាវិស័យសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។
ការកំណត់យកវិស័យទាំងនេះ ជាអាទិភាពក្នុងការរុញកំណើនសេដ្ឋកិច្ច ព្រោះយើងបានឃើញថា ក្នុងឆ្នាំ២០២១ កន្លងទៅនេះ ជាពិសេសនៅចុងឆ្នាំ២០២១ វិស័យទាំងនេះ ហាក់កំនើនខ្ពស់។ ជាក់ស្ដែងការនាំចេញផលិតផលកាត់ដេរ មានកំណើនរហូតដល់១៣,៥ភាគរយ ការនាំចេញផលិតផលមិនមែនកាត់ដេរ កើនឡើងជាង ៥៣ភាគរយ និងកសិកម្មក៏ខ្ពស់ហើយវិស័យសំខាន់មួយ ដែលទៀតដែលយើងបានមើលឃើញថា កំពុងចូលរួមយ៉ាងសកម្ម ក្នុងកំណើនសេដ្ឋកិច្ចគឺវិស័យអចលនទ្រព្យ ។
លោកបន្តថា “វិស័យអចលនទ្រព្យបាន និងកំពុងទាក់ទាញការវិនិយោគពីក្នុង និងក្រៅប្រទេសដ៏មានឥទ្ធិពលមួយ ក្នុងឆ្នាំ២០២១ និងឆ្នាំមុនៗ ហើយឆ្នាំ២០២២ វិស័យនេះនឹងនៅតែមានឥទ្ធិពលខ្លាំងក្លា សម្រាប់រុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត”។
នៅក្នុងវិបត្តិកូវីដ១៩ មានប្រជាពលរដ្ឋកម្ពុជា បានបាត់បង់ឱកាសការងារ ជាពិសេសនៅក្នុងវិស័យទេសចរណ៍ ហើយអ្នកដែលបាត់បង់ការងារនៅក្នុងវិស័យនេះ ក៏បានស្វែងរកការងារ និងអាជីពនៅក្នុងវិស័យអចលនទ្រព្យជំនួសវិញ មួយចំនួនក្លាយជាភ្នាក់ងារលក់ដីឡូត៏ លក់ផ្ទះល្វែង វីឡាជាដើម ។
លោកផាន់ ផល្លារបានបន្តថា សូម្បីតែអ្នកវិនិយោគនៅក្នុងវិស័យទេសចរណ៍ខ្លួនឯង ក៏បានបង្វែទៅរកការពុះដីឡូត៏លក់ ដើម្បីរកចំណូលសម្រាប់បុគ្គលិក និងប្រាក់ចំណេញផងដែរ ស្របពេលវិស័យទេសចរណ៍បានស្ងប់ស្ងាត់ក្នុងវិបត្តិពីជំងឺសកលមួយនេះ។
អ្នកជំនាញនៃវិស័យអចលនវត្ថុកម្ពុជាជាច្រើនបានរំពឹងថា ក្នុងឆ្នាំ២០២២ខាងមុខនេះ វិស័យអចលនវត្ថុនឹងកាន់តែចូលរួម ក្នុងកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែធំឡើង ដោយសារតែវិនិយោគិនបរទេស នឹងចូលមកកម្ពុជាកាន់តែច្រើន ដើម្បីស្វែងរកការវិនិយោគលើវិស័យមួយ ដូចជា ការសាងសង់អគារខ្ពស់ៗ នៅតំបន់សក្ដានុពលជាច្រើនក្នុងប្រទេស៕