សម្តេចតេជោ៖ សេដ្ឋកិច្ចកម្ពុជានឹង សម្រេច បាន កំណើន ក្នុងរង្វង់៣ភាគរយនៅ ក្នុងឆ្នាំនេះ

0

ដោយ៖ សុផារី

ភ្នំពេញ៖ បើតាមការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខ រដ្ឋាភិបាល កម្ពុជា បាន ព្យាករណ៍ថា កម្ពុជានឹងសម្រេច បាន នូវ កំណើន ក្នុងរង្វង់៣ភាគរយនៅក្នុងឆ្នាំ២០២១ ដែល ជា ភាព សុទិដ្ឋិនិយមថ្មី មួយ ។

សម្តេចបានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ “ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ” តម្លៃ១៨០លានដុល្លារ ជាការវិនិយោគរបស់ក្រុមហ៊ុន ជីប ម៉ុងស្ថិតនៅក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នេះ។

សម្ដេចបានថ្លែងថា “ខ្ញុំគិតថា កំណើនសេដ្ឋកិច្ចរបស់យើងនឹងមាន អាចថា ២,៩ ភាគរយ ៣ភាគរយ ឬ៣អាចលើសពី ៣ភាគរយ ខ្ញុំប្រើថា ជំុវិញ៣ភាគរយ។”

សម្តេចតេជោបានមានប្រសាសន៍ថា នៅក្នុងច្បាប់ថវិកា សេដ្ឋកិច្ចកម្ពុជាស្ថិតនៅក្នុងកម្រិត ២,៤ភាគរយ អង្គការមួយបានវាយតម្លៃកាលពីខែតុលាថាកំណើនស្ថិតក្នុងរង្វង់ ២,៨ភាគរយ។ ចាប់តាំងពីប្រកាសបើកប្រទេស នាំឱ្យមានកំណើនប្រាក់ចំណូល ទោះបីជាមិនទាន់កើនឡើងដល់កម្រិតមុនពេលកូវីដក្តី នៅក្នុងមួយខែ កម្ពុជានៅតែអាចរកប្រាក់ចំណូលបានក្នុងរង្វង់ ៥០០លានទៅ៧០០លាន ក្នុងមួយខែ។ ក្នុងសម័យកូវីដ១៩ ប្រាក់ចំណូលរបស់កម្ពុជាបានធ្លាក់ចុះមកនៅកម្រិតលើ៤០០លានដុល្លារអាមេរិក ក្នុងមួយខែ ហើយធ្លាក់ចុះមកនៅក្រោយ៤០០លានក្នុងមួយខែ។ ប៉ុន្តែឥលូវនេះ បានកើនឡើងវិញហើយ។

សម្តេចបានបញ្ជាក់ថា កំណើននេះបណ្តាលមកពី តម្រូវការក្នុងស្រុកមានការកើនឡើង ធ្វើឱ្យមានកំណើនការនាំចូល នោះពន្ធគយរកចំណូលបានបន្ថែម។

ទាក់ទងនឹងផលប៉ះពាល់ពីកូវីដ១៩ សម្តេចបានមានប្រសាសន៍ថា ផលប៉ះពាល់ពិតប្រាកដ គឺនៅលើវិស័យទេសចរណ៍ ចំណែកវិស័យឧស្សាហកម្មនិងកសិកម្មមិនរងផលប៉ះពាល់។ បច្ចុប្បន្ននេះនៅតាមរោងចក្រនានាកំពុងតែធ្វើការយ៉ាងសស្រាក់សស្រាំ ទាំងយប់ដើម្បីបំពេញតម្រូវការនៃការបញ្ជាទិញឱ្យបានទាន់ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here