តើកូវីដ១៩ប្រភេទថ្មី អូមីក្រុងនឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ឬយ៉ាងណា?

0

ដោយៈលក្ខិណា

ភ្នំពេញៈ កម្ពុជាបានប្រកាស កាលពីយប់កណ្ដាលអាធ្រាត្រថ្ងៃទី១៤ធ្នូ២០២១ ពីការរកឃើញវត្តមានមេរោគកូវីដ១៩ បំប្លែងថ្មីអូមីក្រុងលើកដំបូងលើស្ត្រីជនជាតិខ្មែរ ម្នាក់ត្រលប់មកពីប្រទេសហ្កាណា ហើយក៏មានការចែកចាយតាមបណ្ដាសារព័ត៌មានក្នុងស្រុកព្រោងព្រាង។

យ៉ាងណាក្ដីមេរោគប្រភេទថ្មីនៃកូវីដ១៩នេះ ទំនងជាមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានោះឡើយ ខណៈសម្តេចតេជោ នាយករដ្ឋមន្ត្រីអំពាវនាវកុំឱ្យមានការកត់ស្លុត។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅក្នុងពិធី សម្ពោធសណ្ឋាគារមួយនៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ធ្នូ ២០២១ថា កម្ពុជាបានរកឃើញមេរោគកូវីដ១៩ អូមីក្រុង១ករណី លើស្ត្រីជនជាតិខ្មែរមកពីប្រទេសហ្កាណា ប៉ុន្តែសម្ដេចសូមបញ្ជាក់សុំកុំស្លន់ស្លោ ហើយបង្កើនការប្រុងប្រយ័ត្ន។

សម្ដេចបានបង្ហាញការមិនសប្បាយចិត្ត ចំពោះការប្រកាសអាសន្ននូវផ្នែកណាមួយនោះ របស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលប្រទេសមួយចំនួន ខណៈមេរោគអូមីក្រុង មិនទាន់បានសម្លាប់មនុស្សច្រើ​ននៅឡើយទេ ដូចជា ទើបតែមានករណីស្លាប់ម្នាក់ នៅប្រទេសអង់គ្លេស ក្នុងដែលតា និងអាល់ហ្វាសម្លាប់មនុស្សយ៉ាងច្រើន។

សម្ដេចដាក់ជាសំនួរថា Delta និងអាល់ហ្វាសម្លាប់មនុស្សជាច្រើន តែមិននាំគ្នាភ័យ បែរជាមកភ័យជាមួយអូមីក្រុង ទើបតែសម្លាប់ម្នាក់សោះ ។

សម្ដេចបញ្ជាក់ថា ស្ត្រីដែលមានផ្ទុកកូវីដ១៩ ប្រភេទអូមីក្រុងនឹងជាវិញនៅពេលឆាប់ៗនេះ ពីព្រោះគាត់បានចាក់វ៉ាក់សាំងរួចហើយ ប្រភេទវ៉ាក់សាំចនសុន&ចនសុន ហើយសុខភាពគាត់ក៏ធម្មតា អត់មានអ្វីប្លែកទេ តែអ្វីដែលយើងបារម្ភ គឺទារកក្នុងផ្ទៃរបស់ស្ត្រីនោះ ដូច្នេះក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំងឺរូបនេះ។

លោកគី សេរីវឌ្ឍន៍អ្នកវិភាគសេដ្ឋកិច្ចមួយរូបក្នុងប្រទេសកម្ពុជាក៏បានមានប្រសាសន៍តាមទូរសព្ទនៅរសៀលថ្ងៃទី១៥ធ្នូ ២០២១នេះថា អូមីក្រុងមកដល់កម្ពុជា គឺជារឿងមួយដែលគួរប្រុងប្រយ័ត្ន ហើយហានិភ័យនៃការឆ្លងរាលដាលក៏មានដែរ បើពុំមានវិធានការការពារ និងការចូលរួមទាំងអស់គ្នា។

យ៉ាងណាក្ដី លោកជឿជាក់ថាតាមរយៈបទពិសោធន៍ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១កន្លងទៅ រាជរដ្ឋាភិបាលនឹងមានវិធានការនិងចំណាត់ការ ក្នុងការទប់ស្កាត់មេរោគនេះ មិនឱ្យរាលដាលនិងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចធំធេងដូច២០កុម្ភៈ២០២១ ។

លោកបន្តថា ទន្ទឹមនឹងនេះដែរ ក៏ត្រូវមានការចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់នូវមេរោគ ប្រភេទថ្មីនេះកុំឱ្យឆ្លងរាលដាលធំ ដោយក្នុងនោះអាជ្ញាធរត្រូវអប់រំពលរដ្ឋបន្ថែម ពីមេរោគមួយនេះ ហើយពលរដ្ឋខ្លួនឯងក៏ត្រូវតែបង្កើនការប្រុងប្រយ័ត្ន ឱ្យបានខ្លាំងជាងមុន ត្រូវបង្កើនការអនុវត្តន៍វិធានការអនាម័យរបស់ក្រសួងសុខាភិបាល។

បណ្ដាវិនិយោគិនជាច្រើន ក៏បានផ្ដល់ទំនុកចិត្ត និងជឿជាក់ថារាជរដ្ឋាភិបាលកម្ពុជា នឹងអាចទប់ស្កាត់នូវការរីករាលដាល នៃជំងឺកូវីដមិនឱ្យត្រលប់ទៅរក ការរាលដាលធ្ងន់ធ្ងរទៀតនោះទេ ហើយក៏សង្ឃឹមថាបណ្ដាវិនិយោគិនបរទេសជាច្រើន នឹងចូលកម្ពុជាវិញនៅពេលឆាប់នេះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here