ដោយៈសុខុម
ហ្សាការតា: សភាឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ ទី១៥ ធ្នូ បានអនុម័តចាក់បញ្ចូលដើមទុន លើទំហំទឹកប្រាក់៧,៧១ពាន់លានដុល្លារអាមេរិក បន្ថែមទៀត ដើម្បីជួយស្រោចស្រង់ក្រុមហ៊ុនសហគ្រាស និងទីភ្នាក់ងារវិនិយោគដែលគ្រប់គ្រង ដោយរដ្ឋចំនួន១១សម្រាប់ឆ្នាំនេះ និងសម្រាប់ឆ្នាំ២០២២។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA ឱ្យដឹងថា ការអនុម័តនេះ រួមបញ្ចូលទាំងដើមទុនប្រមាណ៤៨០លានដុល្លារអាមេរិក សម្រាប់ក្រុមហ៊ុនប្រតិបត្តិករផ្លូវដែករដ្ឋ PT Kereta Api Indonesia (KAI) ជួយផ្តល់ហិរញ្ញប្បទាន ដល់គម្រោងរថភ្លើងល្បឿនលឿន ដែលគាំទ្រដោយប្រទេសចិនផងដែរ។
ប្រទេសឥណ្ឌូនេស៊ី នឹងបង្កើនភាគហ៊ុនរបស់ខ្លួន ក្នុងគម្រោងផ្លូវដែកប្រវែង១៤២គីឡូម៉ែត្រខាងលើនេះ ដែលតភ្ជាប់រដ្ឋធានីហ្សាកាតា ជាមួយក្រុងបានឌុង (Bandung) តាមរយៈក្រុមហ៊ុនប្រតិបត្តិករផ្លូវដែករដ្ឋ KAI ជាមួយនឹងដើមទុន៣០០លានដុល្លារអាមេរិក ក្នុងចំណោមដើមទុន៤៨០លានដុល្លារអាមេរិក ដែលបម្រុងទុកសម្រាប់ក្រុមហ៊ុននេះ។
នាយកប្រតិបត្តិក្រុមហ៊ុនសាងសង់ឥណ្ឌូនេស៊ី Wijaya Karya ដែលគ្រប់គ្រង៦០%នៃគម្រោងនេះ បាននិយាយកាលពីខែមេសា ថា តាមការរំពឹងទុក ការដំឡើងថ្លៃចំណាយ អាចឈានដល់២០% ដើម្បីការសាងសង់បញ្ចប់ជាស្ថាពរ ហើយដៃគូនានា ត្រូវបានស្នើសុំឱ្យដំឡើងភាគហ៊ុនរបស់ពួកគេ។
ហ៊ុនសាជីវកម្មវិស្វកម្មផ្លូវដែកចិន China Railway Engineering Corporation និងក្រុមហ៊ុនចិន ផ្សេងទៀតគ្រប់គ្រងភាគហ៊ុន ដែលនៅសេសសល់។
ក្នុងចំណោមការអនុម័តផ្សេងទៀត ដោយសមាជិកសភាកាលពីថ្ងៃពុធ គឺមាន៣៤៨លានដុល្លារអាមេរិក សម្រាប់ក្រុមហ៊ុនអគ្គិសនីរដ្ឋ PT Perusahaan Listrik Negara ក្នុងឆ្នាំ២០២២ ដើម្បីគាំទ្រដល់ការពង្រីកខ្លួនរបស់ក្រុមហ៊ុននេះ ព្រមទាំងការចាក់បញ្ចូលដើមទុន សម្រាប់ក្រុមហ៊ុនសំណង់ Waskita Karya និង Adhi Karya សម្រាប់ផ្ដល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតផងដែរ៕ Reuters៕