ខេត្តពោធិ៍សាត់បានក្លាយទៅជាច្រកសំខាន់មួយនៃការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង

0

ដោយៈ សុផារី

ពោធិ៍សាត់ៈ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា បច្ចុប្បន្ននេះ ខេត្តពោធិ៍សាត់មិនមែនគ្រាន់តែជាតំបន់កសិកម្ម និងនេសាទដូចកាលពីអតីតកាលនោះទេ ប៉ុន្តែបានក្លាយទៅជាច្រកសំខាន់មួយ នៃការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង។

លោកក៏បានអះអាងថា ពោធិសាត់ ក៏ជាខេត្តមានសក្តានុពលខាងឧស្សាហកម្ម និងកសិ-ឧស្សាហកម្មផងដែរ។
រដ្ឋមន្ត្រីបានថ្លែងយ៉ាងនេះ ក្នុងឱកាសប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបា លរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែធ្នូនេះ។

លោកបានមានប្រសាសន៍ថា “តាមរយៈគម្រោង របស់រាជរដ្ឋាភិបាល ខេត្តនេះ នឹងភ្ជាប់ការដឹកជញ្ជូនផលិតផលទំនិញ និងការបង្កើតលំហូរទេស​ចរណ៍ ជាមួយខេត្តបាត់ដំបង កោះកុង និងព្រំដែនថៃ និងតភ្ជាប់ជាមួយខេត្តព្រះសីហនុដែលមានកំពង់ផែ ទឹកជ្រៅផងដែរ”។

លោកបន្ថែមថា ខេត្តអាចទាញយកអត្ថប្រយោជន៍នេះ ដើម្បីពង្រីកសក្តានុពល សេដ្ឋកិច្ចក្នុងខេត្តដែលមានស្រាប់ មានដូចជាដំណាំកសិ-ឧស្សា​ហកម្ម មានដូចជា ដំឡូងមី ស្វាយកែវរមៀត ស្វាយចន្ទីរ ពោត អំពៅ សណ្តែកសៀង និងកៅស៊ូ។ល។ បន្ថែមលើផលិតផលស្រូវ និងជលផល។

លោកចម ប្រសិទ្ឋបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងបើកច្រកទីផ្សារដ៏ធំ ក្នុងការនាំចេញផលិតផលកសិកម្មទៅប្រទេសចិន ដែលនេះក៏ជាឱកាសល្អមួយសម្រាប់ខេត្តនេះ ហើយនឹងត្រៀមបើកចំហទីផ្សារជា​មួយសាធារណរដ្ឋ កូរ៉េនៅពេលខាងមុខ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ។ ហេតុដូច្នេះ ការពង្រឹង ផលិតផលក្នុងស្រុករបស់ខេត្តសម្រាប់បម្រើឱ្យការនាំចេញ គឺជាការចាំបាច់និងចំសភាពការណ៍។

ជាមួយគ្នានេះ លោកបានស្នើដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងគ្រប់អង្គភាពពាក់ព័ន្ធ យកចិត្តទុកដាក់ ក្នុងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម និងការបម្រើសេវាសាធារណៈឱ្យកាន់តែល្អ កាន់តែមានភាព ទាក់ទាញដល់អ្នកវិនិយោគ និងធុរជនក្នុងនិងក្រៅប្រទេស ស្របពេលដែលច្បាប់ស្តីពីវិនិយោគ (ជា ច្បាប់ថ្មី ជំនួសឱ្យច្បាប់ចាស់) ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមរួចហើយ។

រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ ស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។ ផែនការស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ-១៩សម្រាប់ឆ្នាំ២០២១-២០២៣ គឺដើម្បីប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ទៅជាកាលានុវត្តភាព តាមរយៈការកែទម្រង់កាន់តែស៊ីជម្រៅ សំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម កាន់តែរឹងមាំ និងមានភាពធន់ទៅនឹងវិបត្តិនាពេលអនាគត។

នាពេលថ្មីៗនេះ ខេត្តពោធិ៍សាត់ ទទួលបានសមិទ្ធផលសំខាន់ថ្មីពីរទៀត គឺទី១ អគាររដ្ឋបាលរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តពោធិ៍សាត់ បានកើត ជារូបរាងឡើងថ្មីសន្លាង ក្រោមការឧបត្ថម្ភគាំទ្រថវិកា ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទី២ ការបើកការដ្ឋានគម្រោងពង្រីក សមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅទីរួមខេត្តពោធិ៍សាត់ ដែលត្រូវប្រើប្រាស់ ទឹកប្រាក់ប្រមាណ ២២លានដុល្លាអាមេរិក ជាមួយនឹងសមត្ថភាពផ្គត់ផ្គង់ ទឹកស្អាត៦.៦០០ម៉ែត្រគូប/ថ្ងៃ រួមទាំងបណ្តាញទុយោចែកចាយជិត ៨០គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here