រដ្ឋមន្រ្តីសាធារណៈការចាប់ផ្តើមផ្តោតការងារកាន់តែខ្លាំងលើហេដ្ឋារចនាសម្ព័ន្ឋសម្រាប់រថយន្តអគ្គិសនី

0

ដោយៈ សុធារី

សៀមរាបៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធា​រណការ និងដឹកជញ្ជូន នាថ្ងៃ១៧ ធ្នូ ២០២១នេះបានចុះសិក្សាលទ្ធភាពដំឡើងទីតាំង ស្ថានីយសាករថយន្តអគ្គិសនី នៅខេត្តបាត់ដំបង និងសៀ​មរាប ត្រៀមខ្លួនឆ្លើយតបទៅនឹងអគ្គិសនី ភាវូបនីយកម្មនៃយានយន្ត ដើម្បីអនាគតបៃតងសម្រាប់កម្ពុជា ក្រោមប្រធានបទ “អគ្គិសនីភាវូបនីយកម្មនៃយានយន្ត ដើម្បីអនាគតបៃតងសម្រាប់កម្ពុជា”។

លោកបានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់ នៃរថយន្តដើរដោយថាមពលអគ្គីសនី (Electric Vehicles) ក្នុងការចូលរួមចំណែកដល់កាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស និងការធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ហើយក្រសួងកំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់រថយន្ត ដើរដោយថាមពលអគ្គិសនី(EVs) និងត្រូវធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូល សម្រាប់ EVs នៅកម្ពុជា ក្នុងនោះរួមមាន ស្ថានីយសាករថយន្តអគ្គិសនី កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងធានាថា EVs ដែលនាំចូលមកកម្ពុជាមានគុណភាពល្អ ។

កម្មវិធីអភិវឌ្ឍន៍អង្គការ សហប្រជាជាតិ ហៅកាត់ថា UNDP គ្រោងផ្តល់ជូនស្ថានីយសម្រាប់ សាកយានយន្តដើរ ដោយថាមពលអគ្គិសនីចំនួន៥ទីតាំង នៅតាមបណ្ដារាជធានី-ខេត្ត តាមការស្នើសុំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលក្នុងនោះ២ទីតាំង នៅក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប ជាអំណោយលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ក៏ដូចជាដើម្បីទាក់ទាញ នូវចំណាប់អារម្មណ៍បងប្អូនប្រជាពលរដ្ឋខ្មែរ ឱ្យងាកមកចាប់អារម្មណ៍ លើការប្រើយានយន្តដើរដោយថាមពលអគ្គិសនី ក្នុងការចូលរួមចំណែក ដល់ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here