ចិនសាងសង់សាលារៀន ៧.០០០កន្លែងនៅអ៊ីរ៉ាក់ ដោយពង្រីកឥទ្ធិពលកាន់តែធំនៅមជ្ឈិមបូព៌ា

0

ដោយសុខុម

ប៉េកាំង: ក្រុមហ៊ុនចិន ចំនួន២បានចុះកិច្ចព្រមព្រៀងចំនួន១៥ដើម្បីសាងសង់សាលារៀនរហូតដល់ទៅ ១.០០០កន្លែងនៅទូទាំងប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន MENAFN និងសារព័ត៌មានមួយចំនួនទៀត។

ការចុះកិច្ចព្រមព្រៀងទាំងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៦ ធ្នូ ក្នុងពិធីមួយក្រោមវត្តមានអញ្ជើញចូលរួមពីលោក Li Daze អនុប្រធានក្រុមហ៊ុនចិន Power Construction Corporation of China (PowerChina) និងលោក Koo Jun នាយកប្រចាំតំបន់នៃក្រុមហ៊ុនចិន Sinotech និងលោក Karar Muhammad នាយកគណៈកម្មាធិការកំពូលសម្រាប់ការសាងសង់សាលារៀននៃរដ្ឋាភិបាលអ៊ីរ៉ាក់។

កិច្ចព្រមព្រៀងនេះគឺជាដំណាក់កាលដំបូងប៉ុណ្ណោះ នៃកិច្ចព្រមព្រៀងដ៏ធំមួយដែលប្រទេសអ៊ីរ៉ាក់ និងប្រទេសចិន បានឯកភាពគ្នាកាលពីខែវិច្ឆិកា កន្លងទៅឱ្យចិន ជួយសាងសង់សាលារៀនរហូតដល់ទៅចំនួន៧.០០០កន្លែង។

សារព័ត៌មាន Iraq Business News ចុះផ្សាយថា យោងតាម MoU រវាងប្រទេសទាំង២ឱ្យដឹងថា សាលាទាំងនោះនឹងក្លាយជាសាលាគំរូដែលមានលក្ខណៈ “ទំនើបទាន់សម័យ និងស្របតាមតម្រូវការជាក់ស្តែងក្នុងបរិបទរបស់អ៊ីរ៉ាក់”។

យោងតាមអង្គការ UNICEF បង្ហាញថា មានកុមារអ៊ីរ៉ាក់ ប្រហែល៣,២លាននាក់ស្ថិតនៅក្រៅប្រព័ន្ធអប់រំ ឬមិនបានចូលរៀន។ នៅក្នុងខេត្តមួយចំនួន កុមារ៩០%មិនបានចូលរៀននោះទេ។ កន្លងមក ប្រទេសអ៊ីរ៉ាក់ បានលៃទុកថវិកាជាតិមិនទាំងដល់៦%ផងទេសម្រាប់វិស័យអប់រំ ដោយធ្វើឱ្យប្រទេសនេះធ្លាក់ដល់បាតតារាងក្នុងចំណោមបណ្ដាប្រទេសនៅតំបន់មជ្ឈិមបូព៌ា៕

LEAVE A REPLY

Please enter your comment!
Please enter your name here