ដោយៈគង់ សូរិយា
កណ្តាលៈ បុរីថ្មីធំំមួយ ដែលស្ថិតនៅជាប់តំបន់ ផ្លូវក្រវ៉ាត់ក្រុងទី៣ បាន និងកំពុងរៀបចំប្លង់ស្ថាបត្យកម្ម និងរៀបចំសួនច្បារឲ្យកាន់តែមានប្រណីតភាព និងស្រស់បំព្រងឡើងវិញ។
អ្នកវិនិយោគបុរី GB Residence លោកឧកញ៉ាតាំង គួងហាវបានមានប្រសាសន៍ឲ្យ ដឹងកាលពីពេលថ្មីៗនេះថា ដោយសារផ្តោតលើផាសុខភាព ប្រណីតភាព ដើម្បីផ្តល់ឲ្យអ្នករស់នៅ កាន់តែមានភាពស៊ីវិល័យ យើងសម្រេច កែប្លង់ស្ថាបត្យកម្មមួយចំនួន ដើម្បីឲ្យអ្នករស់នៅក្នុងបុរីនេះកាន់តែមានភាពស្រស់ស្រាយ និងមានផាសុខភាព។
លោកបន្តថា “យើងផ្តោតលើភាពបៃតង ជាអ្វីដែលជាទស្សនទាននៃការអភិវឌ្ឍក្នុងយុគសម័យថ្មី ដោយរៀបចំសួនច្បារដ៏ធំមួយ ដែលមានកន្លែងក្មេងលេង កន្លែងហាត់ប្រាណ និងកន្លែងទទួលទានអាហារសម្រាប់អ្នករស់នៅទីនេះអាចប្រកបអាជីវកម្មបានផង និងលំហែរកំសាន្តបានផងដែរ”។
លោកឧកញ៉ាតាំង គួងហាវបានបន្តថា ដោយសារមើលឃើញសក្តានុពលតំបន់នេះ ស្ថិតនៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ។ កំណើនពលរដ្ឋ ចូលមករស់នៅកៀកទីក្រុងកាន់តែច្រើន ទើបលោកសម្រេចចិត្តវិនិយោគបុរីនេះឡើង។
លោកឧកញ៉ាបានបន្តថា “ជាមួយនឹងការរចនាលំនៅដ្ឋាន ដោយអ្នកជំនាញអន្តរជាតិ ដែលបានឈ្នះពានរង្វាន់នៅទីក្រុងឌូបៃ បានធ្វើឲ្យគំរោងរបស់យើង មានម៉ូតផ្ទះស្អាត ប្លែក ប្រកបដោយស៊ីវិល័យ ពិសេសផ្តល់ជូនអ្នករស់នៅប្រកបដោយផាសុខភាព”។ លោកបន្តថា “ផ្ទះក្នុងគំរោង GB Residenceមានតម្លៃចាប់ពីជាង៨ម៉ឺនដុល្លារ ដល់ជាង១០ម៉ឺនដុល្លារអាមេរិក អាស្រ័យលើប្រភេទផ្ទះ ទំហំ និងទីតាំងរបស់ផ្ទះនិមួយៗ”។
បុរី GB Residence សាងសង់លើទំហំដីជិត៩ហិកតា ជាមួយនឹងលំនៅដ្ឋានសរុប៥៨៨ផ្ទះ ពិសេសក្នុងគំរោងនេះមានផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ពិសេសផ្លូវចូលបុរីទំហំ៥០ម៉ែត្រ ជាមួយនឹងសួនច្បារនៅចំកណ្តាល ដែលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នករស់នៅតំបន់នេះ។
លោកឧកញ៉ាតាំង គួងហាវបានបន្តថា តំបន់ផ្លូវក្រវ៉ាត់ក្រុង នឹងមានសក្តានុពលខ្លាំងនាពេលអនាគត ដែលរយៈពេល១០ឆ្នាំខាងមុខ នឹងមានសភាពដូចផ្លូវ២៧១នាពេលបច្ចុប្បន្ននេះ ពិសេសអ្នកទិញលំនៅដ្ឋាននៅក្នុងគំរោងនេះ នឹងទទួលបានផលចំណេញច្រើន នាពេលអនាគត ដោយសារតំបន់នេះជាតំបន់អ្នកដំណើររជាតិ អន្តរជាតិចេញពីព្រលានយន្តហោះថ្មីឆ្លងកាត់ ដែលពួកគេអាចនឹងរកទីសម្រាក ការលំហែរ ហេតុនេះអ្នកទិញលំនៅដ្ឋាននៅទីនេះ អាចបើកជាផ្ទះសំណាក់ ភោជនីយដ្ឋាន និងសេវាកម្មជាច្រើនទៀត។
អ្នកជំនាញអចលនទ្រព្យ បានមើលឃើញតំបន់នេះ ដោយសុទិដ្ឋិនិយមផងដែរ ជាមួយនឹងវត្តមានបុរី GB Residence និងបុរីជាច្រើនទៀតកំពុងសាងសង់នៅតំបន់នេះ៕