ដោយៈសុខុម
បាងកកៈ ក្រុមហ៊ុនហាងលក់ទំនិញ ធំបំផុតរបស់ប្រទេសថៃ Central Group កំពុងចរចា និងជិតសម្រេចបានកិច្ចព្រមព្រៀងទិញ យកហាងលក់ទំនិញប្រណីត Selfridges នៅប្រទេសអង់គ្លេស ក្នុងតម្លៃរហូតដល់ទៅ៥,៣១ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមប្រភព២ដែលដឹងរឿងនេះទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រភពដដែលនិយាយថា ការប្រកាសជាផ្លូវការ អំពីការកិច្ចព្រមព្រៀងទិញយកហាងលក់ទំនិញនេះ អាចនឹងប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៣ ធ្នូ នេះ។
យោងតាមកាសែត The Times ដែលបានចុះផ្សាយកាលពីថ្ងៃទី២ ធ្នូ ថា បច្ចុប្បន្នគ្រួសារអ្នកជំនាញ Weston ដែលជាម្ចាស់ហាងប៊្រែនហាងលក់ទំនិញ Selfridges បានព្រមព្រៀងតាមលក្ខខណ្ឌនានា ជាមួយក្រុមហ៊ុន Central Group អំឡុងចុងខែវិច្ឆិកា កន្លងទៅ។
ប្រភពដដែលទម្លាយឱ្យដឹងទៀតថា ក្រុមហ៊ុន Central Retail Corp Pcl ដែលជាបុត្រសម្ព័ន្ធ ហាងលក់ទំនិញដ៏ធំរបស់ក្រុមហ៊ុន Central Group នឹងកាន់កាប់ភាគហ៊ុនមួយចំណែក នៅក្នុងហាងលក់ទំនិញ Selfridges ប៉ុន្តែកំពុងស្ថិតក្នុងការពិចារណានៅឡើយ។
ទោះជាយ៉ាងណា ពេលទីភ្នាក់ងារព័ត៌មាន Reuters ទាក់ទងដើម្បីសុំការបំភ្លឺជុំវិញបញ្ហានេះ ក្រុមហ៊ុន Central Group មិនបានឆ្លើយតបឡើយ។
ក្រុមហ៊ុន Central Group ដែលកាន់កាប់ដោយគ្រួសារមហាសេដ្ឋី Chirathivat បានហក់ចូលទីផ្សារអឺរ៉ុប ចាប់តាំងពីឆ្នាំ២០១១។ កាលពីឆ្នាំមុន ក្រុមហ៊ុនថៃមួយនេះ បានទិញយកហាងលក់ទំនិញប្រណីតស្វីស Globus និងអចលនទ្រព្យផ្សេងៗទៀត នៅក្នុងការបណ្ដាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុនអូទ្រីស Signa ក្នុងតម្លៃ១ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុនថៃ មួយនេះក៏កាន់កាប់ហាងលក់ទំនិញ ប្រណីតអ៊ីតាលី La Rinascente ហាងលក់ទំនិញប្រណីតដាណឺម៉ាក Illum និងហាងលក់ទំនិញ KaDeWe នៅប្រទេសអាល្លឺម៉ង់ផងដែរ។ នៅអាស៊ី ក្រុមហ៊ុននេះបើកដំណើរការផ្សារទំនើបជាច្រើនកន្លែងនៅប្រទេសវៀតណាម៕ Reuters៕