រដ្ឋាភិបាលចិនព្រមានតារាល្បីៗលក់ផលិតផលតាមអនឡាញឱ្យប្រញាប់កែតម្រូវបទល្មើសពន្ធឱ្យបានមុនឆ្នាំ២០២២

0

ដោយៈសុខុម

ប៉េកាំង: អាជ្ញាធរប្រទេសចិន បានបញ្ជាឱ្យតារាល្បីៗ និងអ្នកលក់ផលិតផលតាមអនឡាញ ប្រញាប់ចូលខ្លួនសារភាពពីបទល្មើសពន្ធ ឱ្យបានមុនឆ្នាំ២០២២ បើមិនចង់ប្រឈមនឹងវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរ។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី២២ ធ្នូ ឱ្យដឹងថា ការព្រមានធ្ងន់ៗនេះធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃ ក្រោយពីស្រីស្អាតលក់ផលិតផលតាមអនឡាញ Viya ដែលគេដាក់រហស្សនាមថា “រាជិនីអនឡាញ” ត្រូវបានអាជ្ញាធរចិន ផាកពិន័យជាប្រាក់រហូតដល់ទៅ២១០លានដុល្លារអាមេរិក ពីបទគេចពន្ធ។

ស្រីស្អាត Viya ដែលមានឈ្មោះពិតថា Huang Wei ត្រូវបានការិ​យាល័យពន្ធដារក្រុងហាងចូវ (Hangzhou) ផាកពិន័យកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ ពីបទលាក់បាំងប្រាក់ចំណូលផ្ទាល់ខ្លួន និងបទល្មើសពន្ធផ្សេងៗទៀតក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០។

កាលពីថ្ងៃពុធ ទី២២ ធ្នូ ក្រុមមន្ត្រីពន្ធដារក្នុងបណ្ដាក្រុង និងខេត្តដែលមានសេដ្ឋកិច្ច រីកចម្រើនខ្លាំងបំផុតនៃប្រទេសចិន បានបង្ហោះសេចក្ដីជូនដំណឹងដូចគ្នានេះ លើគេហទំព័ររបស់ខ្លួន ដោយបញ្ជាឱ្យតារាល្បីៗ និងអ្នកលក់ផលិតផលតាមអនឡាញ ប្រញាប់ចូលខ្លួនធ្វើស្វ័យទិទៀន (ត្មះតិះ​ដៀលខ្លួនឯង) ចំពោះការប្រព្រឹត្តខុសពាក់ព័ន្ធនឹងពន្ធដារ ធ្វើការកែតម្រូវបញ្ហាទាំងនេះឡើងវិញ ហើយរាយការណ៍ប្រាប់អាជ្ញាធរពាក់ពន្ធដារ ដែលពាក់ព័ន្ធ។

សេចក្តីជូនដំណឹងនោះមានខ្លឹមសារដូច្នេះថា “នៅមុនដំណាច់ឆ្នាំ២០២១ ត្រូវធ្វើការកែតម្រូវបញ្ហានានា ដែលទាក់ទងនឹងពន្ធដារ ហើយរាយការណ៍ មកកាន់ការិយាល័យពន្ធដារឱ្យបានជាមុន ទើបការិយាល័យពន្ធដារជួយសម្រាល កាត់បន្ថយ ឬលើកលែងការពិន័យពន្ធ យោងទៅតាមលក្ខ​ខណ្ឌ​ដូចមានចែងក្នុងសេចក្តីជូនដំណឹងនេះ”។

សេចក្ដីជូនដំណឹងដដែលនេះបន្តថា “ប្រសិនបើមិនសុខចិត្តធ្វើស្វ័យទិទៀន និងកែតម្រូវកំហុសរបស់ខ្លួនទេនោះ ការិយាល័យពន្ធដារនឹងចាត់វិធា​នការផ្ដន្ទាទោសធ្ងន់ធ្ងរទៅតាមផ្លូវច្បាប់”៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here