ទីផ្សារហ៊ុនអាស៊ីហក់ឡើង ខណៈរូបិយប័ណ្ណដុល្លារធ្លាក់ថ្លៃ ដោយសារស្ថានភាពអូមីក្រុង

0

ដោយៈសុខុម

ហុងកុង: ទីផ្សារភាគហ៊ុនពិភពលោក បានបន្តហក់ឡើងនៅក្នុងការជួញដូរនៅអាស៊ី នាថ្ងៃព្រហស្បតិ៍ ទី២៣ ធ្នូកន្លងមកនេះ ខណៈរូបិយប័ណ្ណដុល្លារធ្លាក់ថ្លៃ នៅពេលដែលទីផ្សារអរសាទរ ចំពោះសញ្ញាវិជ្ជមានអំពីផលប៉ះពាល់ ដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី “អូមីក្រុង” និងទិន្នន័យសេដ្ឋកិច្ចអាមេរិក។

ទីផ្សារភាគហ៊ុនជប៉ុន Nikkei បានហក់ឡើង០,៣% ហើយសន្ទស្សន៍ផ្សារភាគហ៊ុន MSCI ដែលធំបំផុតប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្រៅពីនេះផ្សារហ៊ុនប្រទេសជប៉ុន បានហក់ឡើង០,៦% ដែលជាការហក់ឡើង៣វគ្គជួញដូរជាប់ៗគ្នា បន្ទាប់ទីដាំក្បាលចុះកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ នៅពេលការភ័យខ្លាច ចំពោះវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង បានបង្កការជ្រួលច្របល់ក្នុងទីផ្សារនានា និងរុញច្រានឱ្យបណ្ដាវិនិយោគិន ងាកទៅវិនិយោគលើទ្រព្យសកម្មដែលមានសុវត្ថិភាព។

សន្ទស្សន៍ផ្សារភាគហ៊ុនអាមេរិក ដូចជា Dow Jones Industrial Average បានហក់ឡើង០,៧៤% សន្ទស្សន៍ផ្សារភាគហ៊ុន S&P 500 បានហក់ឡើង១,០២%។ សន្ទស្សន៍ផ្សារភាគហ៊ុន Nasdaq Composite បានហក់ឡើង១,១៨% បន្ទាប់ពីទិន្នន័យបង្ហាញថា ទីផ្សារអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក កាន់តែមានទំនុកចិត្តជាងមុនក្នុងខែធ្នូ នេះ និងក្រោយពីសេតវិមានប្រកាសថា ខ្លួនកំពុងបន្តការពិភាក្សា លើសេចក្ដីព្រាងថវិកាចំណា​យយ៉ាងច្រើនសន្ធាប់លើផ្នែកសង្គម និងបញ្ហាបម្រែបម្រួលអាកាសធាតុជាមួយសមាជិកព្រឹទ្ធសភា Joe Manchin។
ទោះជាយ៉ាងណា ការហក់ឡើងនៃសន្ទស្សន៍ផ្សារភាគហ៊ុន MSCI គឺតិចតួចណាស់ បើធៀបនឹងការធ្លាក់ចុះខ្លាំងកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ។

កំណើនសេដ្ឋកិច្ចដ៏រឹងមាំនៅសហរដ្ឋអាមេរិក និងការរំជើបរំជួលបង្កឡើង ដោយវិធានការក្ដៅរបស់ក្រុមនិយ័តករនៅប្រទេសចិន កាលពីដើមឆ្នាំនេះ ដែលបានធ្វើឱ្យភាគហ៊ុនក្នុងឧស្សាហកម្មនានា រាប់ចាប់ពីបច្ចេកវិទ្យារហូតដល់ឧស្សាហកម្មអចលនទ្រព្យធ្លាក់ចុះ បានរុញច្រានការវិនិយោគចេញពីតំបន់អាស៊ី។

សន្ទស្សន៍ផ្សារភាគហ៊ុនក្រុងហុងកុង Hang Seng បានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយបានធ្លាក់ចុះរហូតដល់ទៅ១៥% ក្នុងឆ្នាំ២០២១ ដែលអាចជាឆ្នាំ ដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១១មក៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here