ដោយៈគង់ សូរិយា
ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏សំខាន់ចំនួនពីរ បាននិងកំពុងបើកទ្វារពិភពលោកសម្រាប់កម្ពុជា ក្នុងការជម្រុញកំណើនពាណិជ្ជកម្មកម្ពុជាទៅក្រៅប្រទេស។
កិច្ចព្រមព្រៀងទាំងនោះរួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា-ចិន និងកិច្ចព្រមព្រៀងដៃគូតំបន់គ្រប់ជ្រុងជ្រោយ (RCEP) នឹងចូលជាធរមាននៅដើមឆ្នាំ២០២២ខាងមុខ។
លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២១ និងលើកទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២២ កាលពីរសៀលថ្ងៃទី២៣ ខែធ្នូកន្លងទៅ លោករដ្ឋមន្រ្តីពាណិជ្ជកម្ម បានលើកឡើងថា កិច្ចព្រមព្រៀងទាំងនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មីៗ ជាច្រើនមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា បន្ថែមពីលើការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគបរទេសផ្ទាល់ និងការងារថ្មីៗជូនប្រជាពលរដ្ឋផងដែរ។
លោកបន្តថា “ទោះបីជាកម្ពុជាជួបបញ្ហាប្រឈម នឹងជំងឺរាតត្បាតកូវីដ១៩ក៏ដោយ ក៏ក្រសួងបានខិតខំបំពេញការងារយ៉ាងសកម្ម ក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្មកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគីតំបន់ និងសកលលោក ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ជាពិសេសការចរចាបើកច្រកទីផ្សារសម្រាប់ទំនិញកម្ពុជា”។
លោកប៉ាន សូរស័ក្តិបន្តថា ក្រសួងនៅមានបេសកកម្មចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីថ្មីៗបន្ថែមទៀតជាមួយ ដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួន មានដូចជា ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុប អាស៊ី ឥណ្ឌា រុស្ស៊ី ជប៉ុន ម៉ុងហ្គោលីជាដើម។ ក្នុងរយៈពេលខាងមុខក្រសួង ក៏បានខិតខំចរចាផងដែរ ដើម្បីកម្ពុជាអាចចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាជាច្រើន ជាមួយប្រទេសជាដៃគូមួយចំនួនដូចជា បេឡារុស ហុងគ្រី គុយវែត និងម៉ូរីសជាដើម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគកសិកម្ម ទេសចរណ៍ ឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រជាដើម។ ការបញ្ជាក់របស់លោករដ្ឋមន្រ្តី។
លោកបញ្ជាក់ថា ថ្វីត្បិតតែតម្លៃនាំចេញក្នុងរយៈពេល១១ខែ ឆ្នាំនេះសម្រេចបានទឹកប្រាក់ជិត១៥ពាន់លានដុល្លារ ដែលមានការធ្លាក់ចុះចំនួន ០.១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នឹងឆ្នាំ២០២០ក៏ដោយ ប៉ុន្តែបើតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២១នេះ នឹងមានប្រមាណ៣ភាគរយ៕