ដោយៈ ស្រីលិះ
ប្រទេសចិនៈ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Tencent បានប្រកាសឱ្យដឹងថា ខ្លួននឹងផ្ទេរទូទាត់ភាគលាភ ដែលទទួលបានមកពីក្រុមហ៊ុន JD.com ឱ្យទៅ ម្ចាស់ភាគហ៊ុន ដែលត្រូវបានគេមើលឃើញថា Tencent ហាក់ដូចជា កំពុងតែកាត់បន្ថយឥទ្ធិពលរបស់ខ្លួន ក្នុងមានជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Tencent នឹងផ្ទេរភាគហ៊ុន ដែល ខ្លួនកាន់កាប់នៅក្នុងក្រុមហ៊ុនJD.com មានតម្លៃប្រហែល១៦,៤ពាន់លានដុល្លារទៅឱ្យម្ចាស់ភាគហ៊ុន ដោយបានកាត់បន្ថយចំណែកភាគហ៊ុនរបស់ខ្លួនមកនៅត្រឹមប្រមាណ២,៣ភាគរយប៉ុណ្ណោះ ខណ:កន្លងមក Tencent គឺជាម្ចាស់ភាគហ៊ុនធំលំដាប់ទី២ របស់ JD.com បន្ទាប់ពី Walmart។
ក្រុមហ៊ុន Tencent បានចាប់ផ្ដើមវិនិយោគ ជាមួយនឹងក្រុមហ៊ុន JD.com កាលពីឆ្នាំ២០១៤ ដោយកាលពីពេលនោះត្រូវបានគេដឹងថា ក្រុមហ៊ុននេះ បានកាន់កាប់ចំណែកភាគហ៊ុនរហូតដល់២០ភាគរយ ហើយសម្រាប់ការដកខ្លួនចេញពី JD.comនៅពេលនេះ ត្រូវបានTencent បញ្ជាក់ថា “វាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ការដកខ្លួន ដោយសារតែក្រុមហ៊ុន e-commerce មួយនេះ (JD.com) បានឈានដល់ដំណាក់កាល ដែល អាចផ្ដល់ហិរញ្ញវត្ថុសម្រាប់ខ្លួនឯងបានហើយ”។
ការដកខ្លួនរបស់ Tencent នេះត្រូវបានគេមើលឃើញថា វាអាចពាក់ព័ន្ធ ទៅនឹងការបង្គ្រាប់ពីសំណាក់រដ្ឋាភិបាលចិន ព្រោះថានៅក្នុងរយ:ពេល មួយឆ្នាំក្រោយនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់សម្ពាធមកលើក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ជាពិសេសគឺ Tencent និង Alibaba ហើយថ្មីៗនេះ បានព្រមានដល់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក មិនឱ្យមានការចូលផ្សារហ៊ុនបរទេសថែមទៀតផង។
បន្ទាប់ពី Tencent បានប្រកាសអំពីការផ្ទេរភាគហ៊ុននេះ ភាគហ៊ុនរបស់ JD.com បានធ្លាក់ចុះរហូតដល់ជាង១១ភាគរយ ដែលជាការធ្លាក់ចុះខ្លាំងបំផុតប្រចាំឆ្នាំ ប៉ុន្តែភាគហ៊ុនរបស់ Tencent បែរជាកើនឡើងជាង ៤ភាគរយវិញភ្លាមៗផងដែរ៕