ក្រុមហ៊ុនមួយចិនធំមួយបានសិក្សាលទ្ឋភាពសាងសង់ផ្លូវល្បឿនពីរខ្សែទៀតនៅកម្ពុជា

0

ដោយគង់ សូរិយា

ភ្នំពេញ ក្រុមហ៊ុនធំមួយមានមូលដ្ឋាននៅប្រទេសចិន បានបង្ហាញពីគំរោងសិក្សាលទ្ឋ​ភាពសាងសង់ផ្លូវល្បឿនលឿនពីរខ្សែទៀតនៅកម្ពុជា ដោយមួយខ្សែចាកចេញពីក្រុងភ្នំពេញទៅកាន់ក្រុងបាវិត និងមួយខ្សែទៀតចេញពីក្រុងភ្នំពេញទៅកាន់ខេត្តព្រះសីហនុ។

លោក ហ្វូ ឆាងឈឹង តំណាងក្រុមហ៊ុន China One Belt and One Road International Barter Operation CO., Limited បានមានប្រសាសន៍ឲ្យដឹងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការវិនិយោគនៅកម្ពុជា ធ្វើឡើងដោយ រវាងក្រុមហ៊ុនចំនួន ៣ គឺក្រុមហ៊ុន China One Belt and One Road International Barter Operation CO., Limited របស់ប្រទេសចិន  និងក្រុមហ៊ុនចំនួន២របស់កម្ពុជា គឺក្រុមហ៊ុន Smile Sheen International CO.,Ltd និងក្រុមហ៊ុន Green Cambodia Property Investment Co., Ltd កាលពីថ្ងៃទី៧ កញ្ញាកន្លងមកថា ក្រុមហ៊ុនរបស់លោក បានសិក្សាស្រាវជ្រាវពីការបង្កើត ផ្លូវល្បឿនលឿននៅកម្ពុជា ដោយខ្សែទី១ចាប់ពីរាជធានីភ្នំ​ពេញទៅកាន់ ក្រុងបាវិតដែលតាមការប៉ាន់ស្មាន អាចចំណាយអស់ប្រមាណ៣៥០០ លានដុល្លារ ទៅ៤៥០០លានដុល្លារ និងមួយខ្សែទៀតពីភ្នំពេញទៅ កាន់ក្រុងព្រះសីហនុអាចចំណាយអស់ប្រមាណ៤ពាន់លានដុល្លារ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន។

តាមយៈឯកសារដែលក្រុមអ្នកសារព៌តមានទទួលបាន នៅក្នុងពិធីចុះហត្ថលេខាខាងលើនេះ ក្រុមហ៊ុនទាំងបីនេះបានសម្រេចលើកិច្ចព្រមព្រៀង លើគំរោងវិនិយោគសំខាន់ៗជាច្រើន ដូចជា តំបន់ពាណិជ្ជកម្មសេរី ផ្លូវមួយខ្សែក្រវ៉ាត់មួយ  គម្រោងឧទ្យានជីវៈចំរុះ គម្រោងអភិវឌ្ឍន៍ទូលំទូលាយ នៃឧទ្យានឧស្សាហកម្មហិរញ្ញវត្ថុចិន កម្ពុជា។

គម្រោងហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវល្បឿនលឿន ផ្លូវរូងក្រោមដី ស្ពានទូរគមនាគមន៍ ការជីកយករ៉ែមាស ទង់ដែង គម្រោងថាមពលដូចជាការកែឆ្នៃប្រេងកាត ឧស្ម័នធម្មជាតិ រោងចក្រកែឆ្នៃកាកសំណល់់ទៅជាថាមពល  រោងចក្រថាមពលវារីអគ្គីសនី រោងចក្រថាមពលនុយក្លេអ៊ែរ ការដាក់ពាក្យស្នើសុំស្ថានកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុង ស៊ាមេន រៀបចំការបង្កើតក្រុមសាជីវកម្មវិនិយោគចិន កម្ពុជានៅកម្ពុជា ការលើកកម្ពស់និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា គម្រោងសហប្រតិបត្តិការកីឡាអន្តរជាតិ ការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិន  និងអជីវកម្មប្រព័ន្ធផ្សព្វផ្សាយផ្ដោតលើព័ត៌មានសេដ្ឋកិច្ច ហិរញ្ញវត្ថុ។

លោកហ្វូ ឆាងឈឹងបានបន្តថា ការមកវិនិយោគនៅកម្ពុជានាពេលនេះ គឺដោយមើលឃើញច្បាស់ពីស្ថេរភាពនយោបាយពេញលេញ ពុំមានការផ្ទុះអាវុធតាមដងផ្លូវនានា ក៏ដូចជា មានបំណងជួយអភិវឌ្ឍកម្ពុជាអោយកាន់តែរីកចម្រើន និងទទួលបានការគាំទ្រលើកទឹកចិត្តពីថ្នាក់ដឹកនាំនៃប្រទេសទាំង២៕

LEAVE A REPLY

Please enter your comment!
Please enter your name here