គម្រោងផ្លូវដែកឡាវ-ចិន តម្លៃជិត៦ពាន់លានដុល្លារ នឹងទទួលបានប្រាក់ចំណេញនៅជាង២០ឆ្នាំក្រោយ

0

ដោយ: សុខុម

វៀងចន្ទន៍: ក្រសួងផែនការ និងវិនិយោគនៃប្រទេសឡាវ និយាយថា គម្រោងផ្លូវដែកឡាវ-ចិន ក្រោមទុនវិនិយោគច្រើនពាន់លានដុល្លារអាមេរិក នឹងត្រូវដំណើរការរយៈពេល២៣ឆ្នាំ ទម្រាំទទួលបានប្រាក់ចំណេញ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៧ ធ្នូ។

យោងតាមការផ្សាយរបស់វិទ្យុជាតិឡាវ ឱ្យដឹងថា គម្រោងនេះមានតម្លៃវិនិយោគខ្ពស់ណាស់ ដូច្នេះហើយការប្រមូលដើមទុនមកវិញនឹងត្រូវចំណាយពេលយូរ។

លោក Outakeo Keodouangsinh អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញការវិនិយោគក្រោមចំណុះក្រសួងផែនការ និងវិនិយោគថ្លែងថា គម្រោងផ្លូវដែកឡាវ-ចិន នេះមានតម្លៃសរុបរហូតដល់ទៅ៥,៩ពាន់លានដុល្លារអាមេរិក ហើយដំណើរការក្រោមរយៈពេលសម្បទាន៥០ឆ្នាំ។

មន្ត្រីជាន់ខ្ពស់រូបនេះបានបន្ថែមទៀតថា ប្រមាណ៤០%នៃការវិនិយោគនេះបានពីថវិកាជាតិ ចំណែកឯ៦០%ជាឥណទានពីធនាគារចិន Export-Import Bank of China។

លោកបានលើកឡើងបន្តថា ក្រុមហ៊ុនផ្លូវដែកឡាវ-ចិន (Laos-China Railway Company) នឹងត្រូវទទួលខុសត្រូវលើថ្លៃថែទាំ និងហានិភ័យផ្សេងៗទៀត នៅពេលរយៈពេលសម្បទាន៥០ឆ្នាំផុតកំណត់ ហើយគម្រោងនេះនឹងត្រូវប្រគល់ជូនរដ្ឋាភិបាលឡាវ វិញ។ ទន្ទឹមនេះ ក្រុមហ៊ុននេះក៏អាចស្នើសុំបន្តសម្បទានរបស់ខ្លួនពីរដ្ឋាភិបាលបានផងដែរ។

មន្ត្រីរូបនេះបានបន្ថែមថា “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជុំវិញស្ថានីយរថភ្លើងនេះត្រូវបានព្រមព្រៀងគ្នាលើ៤ចំណុចរួមមានផ្ទៃដី១.០០០ហិកតាក្នុងខេត្តឧត្ដមសាយ និងស្ថានីយក្រុងវៀងចន្ទន៍ ព្រមទាំងផ្ទៃដី៥០០ហិកតាទៀតជុំវិញស្ថានី Vang Vieng និងស្ថានីយ Luang Prabang ផងដែរ”។

លោកបានធ្វើការកត់សម្គាល់ថា រដ្ឋាភិបាលឡាវ នឹងមិនផ្តល់ដីបន្ថែមទៀតសម្រាប់ការវិនិយោគជុំវិញគម្រោងផ្លូវដែកឡាវ-ចិន នេះឡើយ។

លោកគូសបញ្ជាក់ថា “ក្រុមហ៊ុនផ្លូវដែកឡាវ-ចិន ទទួលខុសត្រូវចំពោះដីដែលផ្តល់ឱ្យខ្លួនរួមទាំងអគារ និងថ្លៃឈ្នួល ព្រមទាំងសំណង ឬការតាំងទីលំនៅថ្មីស្របតាមច្បាប់ប្រទេសឡាវ ដែលមិនរាប់បញ្ចូលនៅក្នុងការចំណាយលើគម្រោងផ្លូវដែកនេះផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here