ដោយ: លក្ខិណា
ភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបើកប្រទេស បើកសេដ្ឋកិច្ចសង្គមឡើងវិញ បណ្ដាសកម្មភាពអាជីវកម្ម សកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាក៏បានងើបឡើងវិញព្រមៗគ្នា ដែលធ្វើឱ្យកម្ពុជាបានសម្រេចព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ពី២,៤ភាគរយទៅ៣ភាគរយក្នុងឆ្នាំ២០២១នេះ និងបន្តងើបឡើងខ្ពស់នៅឆ្នាំ២០២២ខាងមុខទៀត។
នេះបើតាមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោក អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋកម្ពុជាក្របខណ្ឌទូទាំងប្រទេស បានធ្វើឱ្យកម្ពុជាអាចមានលទ្ធភាពឈានទៅដល់ការបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញហើយក៏ធ្វើឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១នេះ ពី២,៤ភាគរយ អាចនឹងសម្រេចបាន៣ភាគរយ។
លោកបន្ថែមថាទោះបីជាស្ថានភាពនៃការរាលដាលនៃជំងឺកូវីដ១៩បានធូរស្រាលក៏ពិតមែន តែកម្ពុជានៅតែបន្តយកចិត្តទុកដាក់លើបញ្ហាកូវីដ១៩នេះជាចម្បងផងដែរ ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ និងធានាឱ្យបាននូវការបើកប្រទេស និងការរៀនរស់នៅជាមួយកូវីដ១៩តាមគន្លងប្រក្រតីភាពថ្មី។
ទាំងអ្នកជំនាញ វិស័យទាំងទេសចរណ៍ វិស័យអចលនទ្រព្យ ក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចកម្ពុជាក្រោយបើកប្រទេសឡើងវិញជាពិសេស នៅក្នុងឆ្នាំ២០២១ខាងមុខនេះ រំពឹងថាសកម្មភាពអាជីវកម្មសំខាន់ៗនឹងមានកំណើនឡើងវិញ ហើយនឹងជំរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំក្រោយៗ នឹងកើនឡើងជាបន្តបន្ទាប់ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានលើកឡើងផងដែរថា ការបើកប្រទេសរបស់កម្ពុជានឹងមិនដើរថយក្រោយនោះទេ ពោលគឺនឹងបន្តទៅមុខហើយ ដោយកម្ពុជាបាននិងកំពុងចាក់វ៉ាក់សាំងដូសជំរុញ(ដូសទី៣)ជូនប្រជាពលរដ្ឋនិងត្រៀមចាក់ដូសទី៤ ដើម្បីបន្ស៊ាំមេរោគកូវីដ១៩ទៅនឹងសហគមន៍៕