ក្រុមហ៊ុនពីរត្រៀមចូលផ្សារហ៊ុននៅកម្ពុជានៅចុងឆ្នាំនេះ

0

ដោយគង់ សូរិយា

       ភ្នំពេញ ជដំណឹងរីករាយមួយ ដែលផ្សារហ៊ុនកម្ពុជាកាន់តែធ្វើពិពិធកម្មផលិតផលរបស់ខ្លួន ដោយបច្ចុប្បន្ននេះមានក្រុមហ៊ុនអន្តរជាតិចំនួនពីរទៀត កំពុងរៀបចំនិតិវិធី ដើម្បីចូលបោះផ្សាយលក់មូលបត្រឬប័ណ្ណភាគហ៊ុនរបស់ខ្លួន នៅក្នុងទីផ្សារមូលបត្រនៅក្នុងឆ្នាំនេះ។

អគ្គនាយកនៃគណកម្មការមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ បានមានប្រសាសន៍ឲ្យ​ដឹងកាលពីថ្ងៃទី៧ កញ្ញាកន្លងមកថា នៅមុនដំណាច់ឆ្នាំនេះ យើងរំពឹងថាក្រុមហ៊ុនចំនួនពីរទៀត នឹងអាចចូលបោះផ្សាយលក់មូលបត្រឬប័ណ្ណភាគហ៊ុនរបស់ខ្លួន នៅក្នុងទីផ្សារគណកម្មការ​មូលបត្រកម្ពុជា ដោយទី១ គឺក្រុមហ៊ុនប៉ាស្ទិក ជាក្រុមហ៊ុនមួយដែលមានក្រុមហ៊ុនមេរបស់ខ្លួននៅប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុននេះបាននិងកំពុងវិនិយោគលើ​ការតបណ្តាញថាមពលអគ្គិសនីនៅកម្ពុជា ហើយក្រុមហ៊ុននេះបានចូលមកកាន់កម្ពុជា     រយៈពេលយូរមកហើយ។

ចំណែកក្រុមហ៊ុនមួយទៀត ក៏បានចេញសេចក្តីប្រកាសព៌តមានរបស់ខ្លួន គឺក្រុមហ៊ុន ASA ជាក្រុមហ៊ុន Holding មួយ ដែលគ្រប់គ្រងភាគហ៊ុនមួយចំនួនរបស់ធនាគារអេស៊ីលីដា។

លោកស៊ូ សុជាតិបានបន្តថា “នេះមានន័យថាផ្សារហ៊ុនរបស់យើងមានក្រុមហ៊ុនចាប់អារម្មណ៍កាន់តែច្រើន ប៉ុ​ន្តែការចូលខ្លួនចូលទីផ្សារគឺត្រូវការពេលវេលាបន្តិច ព្រោះយើងមិនចេះតែអនុញ្ញាត្តឲ្យក្រុមហ៊ុនចូលទាំងអស់ ដោយមិនបានសិក្សាច្បាស់លាស់ពីក្រុមហ៊ុនណាមួយនោះទេ”។លោកបន្តថា “យើងចង់ដើរក្នុងជំហ៊ានមួយមានភាពប្រុងប្រ​យ័ត្ន និងច្បាស់លាស់ ល្អ ដើម្បីដាក់ចូលក្នុងទីផ្សារ និងអាចឲ្យសាធារណៈជនលោកអាចជឿទុកចិត្តបាន”។

លោកបន្តថា កាលណាមានផលិតផលច្រើននៅក្នុងទីផ្សារ វាជាការផ្តល់ជម្រើសច្រើនសម្រាប់អ្នកទិញ ព្រោះពេលណាមានផលិតផលកាន់តែច្រើន គឺបង្កើ​នចំនួនអ្នកទិញ នឹងធ្វើឲ្យផ្សារហ៊ុនរបស់យើងកាន់តែមមាញឹក ប៉ុន្តែបច្ចុប្បន្នផ្សាររបស់យើងមិនទាន់មមា​ញឹកនៅឡើយទេ ដោយសារចំនួនអ្នកលក់តិច និងអ្នកទិញតិច។

ផ្សារហ៊ុននៅប្រទេសថៃបច្ចុប្បន្ននេះ មានក្រុមហ៊ុនជាង៩០០កំពុងបោះផ្សារលក់មូលបត្រ និងនៅប្រទេសវៀតណាមមានក្រុមហ៊ុនចំនួនជាង១០០០ កំពុងបោះផ្សាយលក់មូលបត្ររបស់ខ្លួន ខណៈកម្ពុជាបច្ចុប្បន្ននេះ មានក្រុមហ៊ុនតែ៥ប៉ុណ្ណោះកំពុងបោះផ្សាយលក់មូលបត្រ ឬប័ណ្ណភាគហ៊ុនរបស់ខ្លួនដូចជា រដ្ឋាករទឹកស្វ័យត្នក្រុងភ្នំពេញ កំពង់ផែភ្នំពេញ កំពង់ផែខេត្តព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងក្រុមហ៊ុនកាត់ដេរហ្រ្គេនធ្វីន៕

LEAVE A REPLY

Please enter your comment!
Please enter your name here