ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ទីបំផុតកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗចំនួនពីរ នឹងចូលជាធរមានជាផ្លូវការនៅថ្ងៃទី១មករា ២០២២ជាថ្មីបើកឆាកដំបូងនៃឆ្នាំថ្មី ហើយក៏ជាពេលវេលាដ៏សំខាន់ សម្រាប់កម្ពុជាក្នុងការជំរុញការនាំចេញ ការទាក់ទាញការវិនិយោគពីប្រទេស។
កិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួនពីរ ដែលនឹងចូលជាធរមាននៅថ្ងៃទី១ មករា ២០២២ខាងមុខនេះ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជានិងចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មអសិប ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោក ដែលមានសមាជិកចំនួន១៥ប្រទេស រួមមានប្រទេសសាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៥ផ្សេងទៀត រួមមានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូងនិងណូវែលហ្សេឡង់។
ប្រទេសទាំង១៥នេះ មានប្រជាជនសរុបប្រមាណ២,២ពាន់លាននាក់ ឬ៣០ភាគរយនៃប្រជាជនលើពិភពលោក ហើយផលិតផលក្នុងស្រុកសរុបវិញ មានរហូតដល់ជាង២៦,២ទ្រីលានដុល្លារអាមេរិក ឬប្រមាណ៣០ភាគរយនៃផលិតផល ក្នុងស្រុករបស់ពិភពលោក និងទំហំពាណិជ្ជកម្មប្រមាណ២៨ភាគរយ នៃពាណិជ្ជកម្មពិភពលោកទាំងមូល ។
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីនេះ កម្ពុជានឹងអាចបង្កើនការនាំចេញនូវទំនិញកសិកម្ម ទំនិញកសិកម្មកែច្នៃ និងទំនិញឧស្សាហកម្ម ។ អ្វីដែលពិសេសកម្ពុជា ក៏អាចទទួលបានរំលូរវិនិយោគិនបរទេស ពីប្រទេសទាំង១៥នោះដោយផ្ទាល់ ដែលអាចបង្កើតឱកាសការ ផលិតនូវទំនិញសម្រាប់នាំចេញបន្ថែមទៀតផងដែរ ។
កិច្ចព្រមព្រៀង ដែលនឹងចូលជាធរមាននៅថ្ងៃទី១មករា ២០២២ខាងមុខនេះដែរ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ ។
លោកប៉ែនសុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មឱ្យដឹងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះដែរ នឹងជួយឱ្យកម្ពុជាទាក់ទាញការវិនិយោគពីប្រទេសចិន ដោយផ្ទាល់ពីប្រទេសផ្សេងទៀត ហើយផលិតនូវទំនិញ ដែលមានតម្រូវការនាំចេញទៅកាន់ប្រទេសចិន។
លោកលបន្តថា “តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ នឹងជំរុញទំហំពាណិជ្ជកម្មកម្ពុជា ចិនកាន់តែមានកំណើនឡើង ខណៈត្រឹម១១ខែក្នុងឆ្នាំនេះ ទំហំពាណិជ្ជកម្មទាំងពីរ សម្រេចបានរហូតដល់ជាង១០ពាន់លានដុល្លារអាមេរិកទៅហើយ”។
យ៉ាងណាក្ដី កម្ពុជាក៏ត្រៀមខ្លួន ក្នុងការបាត់បង់ចំណូលពន្ធគយមួយចំណែក ពីការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺត្រូវដករបាំងពន្ធគយចេញ បានន័យថា ចិននាំទំនិញមកកម្ពុជា មិនចាំបាច់បង់ពន្ធហើយកម្ពុជានាំទំនិញចេញទៅចិនក៏មិនបាច់បង់ពន្ធដែរ៕