កម្ពុជាកំពុងរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ស្របពេលក្រុមហ៊ុនអន្តរជាតិជាច្រើននឹងបង្ហាញវត្តមាននៅកម្ពុជា

0

ដោយៈគង់ សិរីជេស៊ីកា

ព្រះសីហនុៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារដែលនៅសេសសល់ និងពិនិត្យទីតាំងជាក់ស្តែង សម្រាប់រៀបចំវេទិកាទេសចរ​ណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) នៅខេត្តព្រះសីហនុ ដើម្បីត្រៀមលក្ខណៈសម្រា ប់ទទូលប្រតិភូអន្តរជាតិ ថ្នាក់រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់។

កិច្ចប្រជុំនិងពិនិត្យទីតាំងជាក់ស្តែង សម្រាប់ការរៀបចំវេទិកាទេសចរ​ណ៍អាស៊ាននេះ ធ្វើឡើងនាថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីរាជការនៃក្រសួងទេសចរណ៍ កម្លាំងសមត្ថកិច្ច និងក្រុមការងារជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារនៃរដ្ឋបាលខេត្តព្រះសីហនុ។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា ទេសចរណ៍អាស៊ានលើកទី៤០ ដែលនឹងត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អង្គប្រជុំបានបញ្ជាក់ថា ការងារត្រៀមរៀបចំ ATF 2022 នេះសម្រេចបានប្រមាណ៩០%ហើយ ដោយការរៀបចំទីតាំងសម្រាប់ពិព័រណ៍ទេស​ចរណ៍ (ស្តង់) កម្មវិធីបើក កម្មវិធីបិទ និងកម្មវិធីពាក់ព័ន្ធផ្សេងៗ ត្រូវបានកំណត់ និងរៀបចំឡើងជាបណ្តើរៗ ស្របតាមវិធានសុវត្ថិភាព។ លើសពីនេះទៀត រហូតមកដល់ពេលនេះ មានការបញ្ជាក់ពីការចូលរួមដោយផ្ទាល់ ពីរដ្ឋមន្រ្តីទេសចរណ៍ឣាស៊ានទាំងអស់ និងមន្រ្តីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងនោះប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំ មានចំនួន១១៤រូប ហើយសម្រាប់ការតាំងពិព័រណ៌ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers​)សរុបចំនួន១៨៧ស្តង់ អ្នកទិញ(Buyers) ចំនួន១០៧ក្រុមហ៊ុន មកពី៣៥ប្រទេស ក្នុងនោះឣ្នកទិញអន្តរជាតិ (International Buyers) ចំនួន១០០ក្រុមហ៊ុន និងក្នុងស្រុក (Local Buyers) ចំនួន៧ក្រុមហ៊ុន។

លោកថោង ខុនបានបន្តថា ដោយមានការគាំទ្រយ៉ាងមុតមាំពីប្រទេសសមាជិកអាស៊ានទាំងអស់ អាស៊ានបូក និងផ្នែកឯកជន ដែលទទួលបានការចុះឈ្មោះ និងការបញ្ជាក់ពីការចូលរួម លើសពីការរំពឹងទុកក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ដែលបន្តមាននៅឡើយ លោកថោង ខុន បានណែនាំ និងផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញ ពាក់ព័ន្ធត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ នៃខេត្តព្រះសីហនុ ដើម្បីធានាឲ្យបាននូវការរៀបចំកិច្ចប្រជុំ និងសកម្មភាពនានា នៃព្រឹត្តការណ៍អន្តរជាតិនេះប្រកប​ដោយសុវត្ថិភាពស្របតាមនីតិវិធីស្តង់ដា (SOP) របស់ក្រសួងសុខាភិបាល និងនីតិវិធីស្តង់ដាតាមគោលដៅទេសចរណ៍ (SOP) របស់រដ្ឋបាលខេត្តព្រះសីហនុ។

ឣំឡុងពេលនៃវេទិកាទេសចរណ៍អាស៊ាននេះ ក្រៅពីកិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ (National Tourism Oganizationa) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន-ឥណ្ឌា) កិច្ចប្រជុំអាស៊ាន-រុស្ស៉ី កិច្ចប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំជាមួយផ្នែកឯកជន (ASEANTA Meetings) និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ (TRAVEX) ក៏នឹងមានកម្មវិធីដាំដើមឈើ នៃការចងចាំការចូលចតនៃនាវាទេសចរណ៍ MS Westerdam កម្មវិធីវាយកូនគោលរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន (ASEAN Ministers’ Golf Tournament) និងដំណើរទស្សនកិច្ចទៅកាន់កោះនានាផងដែរ (Island Tour) ដែលជាការបោះជំហានដ៏ធំ បង្ហាញពីការត្រៀមរួចរាល់របស់កម្ពុជា និងអាស៊ានទាំងមូល ក្នុងការបើកទេសចរណ៍អន្តរជាតិឡើងវិញ។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នឹងយកឱកាសនេះប្រកាសបើកទេសច​រណ៍ក្នុងតំបន់របស់ខ្លួនឡើងវិញ ចេញពីប្រទេសកម្ពុជាតែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here