ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ស្របពេលចរន្តនៃការទិញលក់ដីធ្លី បាននិងកំពុងកើនឡើងនៅក្រុងកែបឡើងថ្លៃ ដោយសារទទួលឥទ្ឋិពលពីខេត្តព្រះសីហនុ អ្នកវិនិយោគអចលនទ្រព្យនានាបានលើកឡើងខុសៗគ្នាពីបញ្ហានេះ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ានួន រិទ្ឋីបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ខេត្តកែបនឹងមានការរីកចម្រើនខ្លាំងនាពេលអនាគត ដោយសារខេត្តនេះ មានសក្តានុពលជាច្រើនលើផ្នែកទេសចរណ៍ និងចម្ងាយផ្លូវជាង១៣០គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ និងមានចម្ងាយ៣០គីឡូម៉ែត្រពីក្រុងកំពត។
លោកបន្តថា “បើតភ្ជាប់ជាមួយប្រទេសវៀតណាម ខេត្តកែបមានចម្ងាយជិតជាងខេត្តកំពត ដែលងាយស្រួលក្នុងការដឹកជញ្ជូន និងតភ្ជាប់ខ្សែសង្វាក់ទេសចរណ៍”។លោកបន្តថា “ខេត្តកែបសមស្របសម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋាន និងទេសចរណ៍ហើយអាចជំនួសក្រុងព្រះសីហនុបាននាពេលអនាគត ខណៈខេត្តកំពតមានសក្តានុពលផ្នែកពាណិជ្ជកម្មច្រើនជាង”។
លោករិទ្ឋីបានបន្តថា ទោះបីក្រុងកែបមានទំហំតូច តែមានដីទំនេរច្រើនអាចពង្រីកការវិនិយោគរមណីយដ្ឋានទេសចរណ៍ សកម្មភាពពាណិជ្ជកម្មនិងលំនៅដ្ឋានបានល្អប្រសើរ”។
ដោយសារកំនើននៃការវិនិយោគ បានធ្វើឲ្យតម្លៃដីកើនឡើងទ្វេរដងនៅក្នុងតំបន់សំខាន់ៗនៃទីក្រុងនេះ ដូចជា ដីនៅតំបន់ពាណិជ្ជកម្ម បានកើនតម្លៃចន្លោះពី៥០០ទៅ៦០០ដុល្លារ ដីធីៗនៅក្បែរសាលាខេត្តកែ បមានតម្លៃចន្លោះពី១៥០ទៅ២៥០ដុល្លារ ដីជើងភ្នំដែលអាចសាងសង់រមណីយដ្ឋានបាន មានតម្លៃចន្លោះពី១០០ទៅ១៥០ដុល្លារ ដីចាប់ពីភ្នំពូន ទៅឆ្នេរអង្កោលមានតម្លៃចន្លោះពី២៥ ទៅ៧០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទីតាំង និងទំហំដីផងដែរ។ នេះបើតាមការបញ្ជាក់ពីឧកញ៉ានួន រិទ្ឋី។
អគ្គនាយកក្រុមហ៊ុន Easy Property Investment លោក ម៉ម សិរីបញ្ញា បានថ្លែងឲ្យដឹងផងដែរថា សកម្មភាពនៃការទិញលក់ដីនៅក្រុងកែប និងតំបន់ជុំវិញបានកើនឡើងចន្លោះពី៣០ទៅ៤០ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឲ្យតម្លៃដីធ្លីនៅខេត្តនេះ ក៏បានកើនឡើងប្រហាក់ប្រហែលគ្នានេះផងដែរ។ លោកបន្តថា បច្ចុប្បន្នដីនៅតំបន់ឆ្នេរក្នុងខេត្តនេះមានតម្លៃចន្លោះពី២០០ ទៅ៤០០ដុល្លារអាមេរិក តំបន់ភ្នំមានតម្លៃក្រោម១០០ដុល្លារ និងតំបន់ជាយៗមានតម្លៃចន្លោះពី៥ ទៅ៨០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទីតាំង សណ្ឋានដី និងទំហំដីជាក់ស្តែង។
លោកបន្តថា “ខ្ញុំគិតថាដីនៅក្នុងខេត្តនេះ ពិសេសតំបន់ក្នុងក្រុងនឹងកើនឡើងខ្ពស់បន្ថែមទៀតនាពេលអនាគត ដោយសារខេត្តនេះមានភាពអំណោយផលលើបរិស្ថាន ជាតំបន់ប្រវត្តិសាស្រ្ត និងអាចក្លាយជាតំបន់លំហែកាយ បែបឯកជនរបស់ពពួកអភិជនបរទេសនាពេលអនាគត”។លោកបន្តថា “ក្រុងកែប ស័ក្តិសមជាតំបន់លំហែកាយ អភិវឌ្ឍន៍ជារមណីយដ្ឋាន និងវីឡាប្រណីតបែបឯកជនដូចកោះបាលី និងកោះភូកេតជាដើម”។
លោកម៉ម សិរីបញ្ញាបានបន្តថា ខេត្តកែប មិនអាចធៀបជាមួយខេត្តព្រះសីហនុទេ ប៉ុន្តែខេត្តនេះមានសក្តានុពលខុសៗគ្នា ហើយដីធ្លីក្នុងខេត្តព្រះសីហនុក៏កំពុងឡើងថ្លៃផងដែរ ដោយសារកំនើននៃការវិនិយោគ របស់អ្នកវិនិយោគមកពីប្រទេសចិន៕