ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ជាវិស័យមួយ ដែលកំពុងមានការពេញនិយមក្នុងការបណ្ដាក់ទុនវិនិយោគពីសំណាក់វិនិយោគិន ក្នុងនិងក្រៅប្រទេស ក៏ប៉ុន្តែក្នុងចំណោមផ្នែកទាំងឡាយ នៃវិស័យអចលនទ្រព្យ ក៏មានផ្នែកខ្លះដែលកំពុងពេញនិយមក្នុងការបណ្ដាក់ទុនវិនិយោគ។
តើផ្នែកណាខ្លះ ដែលប្រជាពលរដ្ឋជាវិនិយោគិនកម្ពុជា យើងកំពុងបណ្ដាក់វិនិយោគច្រើនជាងគេ ?
នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Century 21 The Premium Realty លោក ឈុន សម្ផស្សបានឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៥ មករាថា តាមបទពិសោធន៍ ដែលបានសង្កេតឃើញបង្ហាញថា ការវិនិយោគទៅលើអចលនទ្រព្យ ប្រជាពលរដ្ឋចូលចិត្តវិនិយោគទៅលើដីធ្លី លំនៅឋាន និងប្រភេទជាពាណិជ្ជកម្ម ដូចជា ការផ្គត់ផ្គង់ដីធ្លីសម្រាប់អភិវឌ្ឍន៍ទៅជាឧស្សាហកម្មជាដើម។
លោកបន្តថា “ផ្នែកទាំងនេះ សម្រាប់អ្នកមានចំណូលពីមធ្យមទៅកម្រិតខ្ពស់ ពួកគេចូលចិត្តវិនិយោគខ្លាំងណាស់ ពីព្រោះថាវាបានហុចផលចំណេញបានច្រើន ហើយបើសិនជាការជួលដី ជួលទីតាំងឱ្យអ្នកដទៃវិនិយោគ ក៏ធ្វើឱ្យតម្លៃដីធ្លីនៅតំបន់នោះ កើនឡើងមួយកម្រិតទៀតផងដែរ” ។
លោកបន្តថា ប្រជាពលរដ្ឋកម្ពុជាមួយចំនួន វិនិយោគអចលនទ្រព្យដំបូងៗ ដោយទិញផ្ទះសម្រាប់ស្នាក់នៅផ្ទាល់ខ្លួន ហើយក្រោយមកទៀតនៅពេលផ្ទះនោះចាប់ផ្ដើមឡើងថ្លៃ ក៏លក់ផ្ទះយកប្រាក់ចំណេញ រួចហើយក៏បន្តស្វែងរកផ្ទះផ្សេងៗទៀត និងធ្វើបែបនេះជាបន្តបន្ទាប់។ មួយចំនួនទៀតក៏វិនិយោគលើលំនៅដ្ឋានដែរ តែមិនមែនទិញលក់នោះទេ តែទិញដើម្បីជួលរកប្រាក់ចំណេញ ដូចជាទិញផ្ទះនៅទីប្រជុំជននៃតំបន់ណាមួយ ដើម្បីជួលឱ្យគេធ្វើអាជីរកម្មឬក៏ស្នាក់នៅ។
លោកឈុន សម្ផស្សបានបន្ថែមថា មានអតិថិជនមួយប្រភេទទៀតដែលមានជីវភាពពីកម្រិតមធ្យម ទៅកម្រិតខ្ពស់គាត់ចូលចិត្តវិនិយោគជាដីធ្លីនៅតាមជាយក្រុងភ្នំពេញ ដោយសារតែគាត់មើលឃើញថា អត្រាកំណើននៅតែមាន និងយោងទៅតាមផែនការពង្រីកផ្ទៃដី រាជធានីភ្នំពេញនៅឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ ដូច្នេះដីធ្លីក៏មានសក្ដានុពលមួយល្អប្រសើរដែរ ។
លោកបន្តថា “អ្នកវិនិយោគប្រភេទនេះ ទិញដីហើយសង់ជាផ្ទះលំហែនិងទុកសម្រាកលំហែរ នៅថ្ងៃឈប់សម្រាក ហើយក្នុងរយៈពីរបីឆ្នាំឬ៥ឆ្នាំក្រោយពេលដីនោះឡើងថ្លៃក៏លក់ និងរកទីតាំងផ្សេងទៀតដើម្បីវិនិយោគ”។
បើតាមអ្នកជំនាញ នៃវិស័យអចលនទ្រព្យផ្សេងៗជាច្រើនទៀត ក៏បានបង្ហាញផងដែរថា ការវិនិយោគលើអចលនទ្រព្យ ធ្វើឱ្យអ្នកវិនិយោគឆាប់ទទួលបាននូវឱកាសក្លាយជាអ្នកមានបាន តែត្រូវមានផែនការច្បាស់លាស់ និងដាក់គោលដៅជាក់លាក់ ទើបការវិនិយោគនឹងមិនខាតពេលហើយឆាប់ទទួលបានផលចំណេញ៕