ខេត្តកណ្ដាលត្រៀមគម្រោងអភិវឌ្ឍន៍ចំនួន៦៣គម្រោងក្នុងឆ្នាំ២០២២

0

ដោយៈ សុផារី

ខេត្តកណ្ដាលៈ ក្នុងឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកណ្ដាលបានរៀបចំគម្រោងអភិវឌ្ឍន៍ខេត្ត សម្រាប់ឆ្នាំ២០២២ ចំនួន៦៣គម្រោង ក្នុងនោះផ្ដោតសំខាន់លើ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានាជាច្រើនផ្សេងទៀត។

លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបង្ហាញឲ្យដឹងបែបនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍គម្រោងរបស់រដ្ឋបាល ខេត្តកណ្ដា​លសម្រាប់ឆ្នាំ២០២២ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តកណ្ដាល។

លោកអភិបាលខេត្តមានប្រសាសន៍ថា ដោយសារវិបត្តិជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២១ ខេត្តកណ្ដាលមានគម្រោងអភិវឌ្ឍខេត្ត មានចំនួនត្រឹមតែ១៨គម្រោង។ ក្នុងឆ្នាំ២០២២បញ្ហាជំងឺកូវីដ-១៩ មានការធូរស្រាល រដ្ឋបាលខេត្តកណ្ដាល បានរៀបចំគម្រោងអភិវឌ្ឍន៍ខេត្ត មានចំនួន៦៣គម្រោង ដោយក្នុងនោះ ផ្ដោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានាជាច្រើនផ្សេងទៀត។

លោកបន្តថា “រាល់គម្រោងដែលបានលើកឡើង ត្រូវផ្ដោតសំខាន់លើគម្រោងណា ដែលមានអាទិភាពខ្ពស់ សំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន”។

សម្រាប់គម្រោងឆ្នាំ២០២២នេះ រដ្ឋបាលក្រុង -ស្រុកដែលទទួលបានគម្រោងរួមមាន គម្រោងក្នុងខេត្តមានចំនួន០៦គម្រោង ស្រុកកណ្តាលស្ទឹងមានចំនួន៤គម្រោង ស្រុកកៀនស្វាយមានចំនួន៤គម្រោង ស្រុកខ្សាច់ក ណ្តាលមានចំនួន៤គម្រោង ស្រុកកោះធំមានចំនួន៣គម្រោង ស្រុកលើកដែកមានចំនួន៣គម្រោង ស្រុកអង្គស្នួលមានចំនួន២គម្រោង ស្រុកពញាឮមានចំនួន៥គម្រោង ស្រុកស្អាងមានចំនួន០៣គម្រោង ក្រុងតាខ្មៅមានចំនួន២៦គម្រោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here