ដោយៈគង់ សូរិយា
ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុន ERA Cambodia លោកខន គង្គា បានអះអាងថា ទីផ្សារខុននៅឆ្នាំនេះ នឹងទាក់ទាញការវិនិយោគកើនឡើង ពិសេសតម្លៃនឹងកើនឡើងព្រមគ្នាផងដែរ។
លោកបានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី៥ មករាកន្លងមកថា តំបន់ដែលមានប្រជាប្រិយភាព លើការវិនិយោគខុនដូ រួមមានខ័ណ្ឌបឹងកេងកង១ តំបន់មួយចំនួននៃខ័ណ្ឌជ្រោយចង្វារ តំបន់កោះពេជ្រ និងតំបន់មួយចំនួនក្នុងខ័ណ្ឌទួលគោក។
លោកបន្តថា “អតិថិជននឹងកើនឡើងពីអ្នកវិនិយោគក្នុងស្រុក និងបរទេស ដោយសារសេដ្ឋកិច្ចកើនឡើង ប្រជាពលរដ្ឋមានប្រាក់ចំណូលប្រសើរជាងមុន”។លោកបន្តថា “ការបើកប្រទេសរបស់រដ្ឋាភិបាល នឹងស្រូបទាញការវិនិយោគ ពីវិនិយោគិនអន្តរជាតិផងដែរ ហេតុនេះតម្រូវការខុនដូសំរាប់ស្នាក់នៅនឹងកើនឡើង”។
ចំនួនខុនដូនៅកម្ពុជាបាន និងកំពុងកើនឡើងជាបន្តបន្ទាប់ ខណៈទីផ្សារលំនៅដ្ឋានប្រភេទនេះ ចាប់ផ្តើមមានការវិនិយោគបណ្តើរៗ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ពិសេសខុនដូដែលមានតម្លៃចន្លោះពី១៣០០ ទៅ១៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកខន គង្គាបានបន្តថា ការរីកចម្រើននៃសេដ្ឋកិច្ចសង្គម និងការផ្លាស់ប្តូរបែបផែនជីវិត របស់ប្រជាពលរដ្ឋសម័យថ្មី នឹងធ្វើឲ្យពួកគេងាកមករស់នៅតាមខុនដូ ជំនួសផ្ទះជាប់ដីកាន់តែច្រើននាពេលអនាគត។
ការសិក្សារបស់ក្រុមហ៊ុន Urban Living Solution បានរកឃើញថា នៅឆ្នាំ២០៣០ខាងមុខ ចំនួនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ នឹងកើនឡើងចន្លោះពី៤,៥ ទៅ៥លាននាក់នៅរាជធានីភ្នំពេញ ដែលពេលនោះប្រជាពលរដ្ឋកាន់តែច្រើន នឹងសម្រេចចិត្តរស់នៅតាមខុនដូ ដោយសារកត្តាសំខាន់ៗចំនួនបី រួមមាន ទី១ ការកើនឡើងតម្លៃអចលនទ្រព្យក្នុងទីក្រុង ទី២ ការកកស្ទះចរាចរណ៍កាន់តែអាក្រក់ឡើង និងទី៣ ការរីកចម្រើនបច្ចេកវិទ្យាបានធ្វើឲ្យគុណភាពជីវិតមានភាពប្រសើរឡើង៕