ដោយ គង់ សូរិយា
ភ្នំពេញ៖ រយៈពេល៨ខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទប្រមាណ១,៥០៣ លានដុល្លារអាមេរិក ស្មើ៧៨,១៥% នៃផែនការកំណត់ដោយច្បាប់។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លោកគង់ វុបុលបានថ្លែងឲ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែសីហា ឆ្នាំ២០១៨កាលពីថ្ងៃទី១០ កញ្ញាកន្លងមកថា ប្រសិទ្ធភាពនៃការប្រមូលពន្ធ គឺបានកើតចេញពីការកែទម្រង់ នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាកំណែទម្រង់ប្រព័ន្ធពន្ធដារ ដោយផ្តើមចេញពីការពង្រឹងអភិបាលកិច្ចល្អ ស្របតាមគោលនយោបាយ កែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងកើតឡើងពីការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់មន្រ្តីពន្ធដារ ក្នុងការពង្រឹងការអនុវត្តច្បាប់ វិន័យការងារ ទើបជម្រុញការអនុវត្តន៍ប្រមូលពន្ធ បានលទ្ធផលល្អប្រសើរ។
លោកបន្តថា សម្រាប់តែខែសីហាកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបានក្នុងខែសីហា ឆ្នាំ២០១៨ នេះ មានចំនួនជាង១៤៦ លានដុល្លារអាមេរិក ស្មើនឹង ៧,៦៤% នៃផែនការច្បាប់ឆ្នាំ២០១៨ ក្នុងនោះបើប្រៀបធៀបទៅនឹងចំណូលខែសីហា ឆ្នាំ២០១៧ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online ដូចគ្នា ឃើញថាការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងខែសីហា ឆ្នាំ២០១៨ កើនឡើងប្រមាណជាង ១៨លានដុល្លារអាមេរិក កំណើនស្មើឡើងជាង១៤ភាគរយ៕