ដោយៈគង់ សូរិយា
ព្រះសីហនុៈ ជាមួយនឹងការបើកចំហប្រទេសឡើងវិញ បានធ្វើឲ្យសកម្មភាពសាងសង់សំណង់នានា នៅខេត្តព្រះសីហនុ ពិសេសសកម្មភាពទិញលក់ ក្នុងវិស័យអចលនទ្រព្យបានកើនឡើងបណ្តើរៗផងដែរ។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យ បានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី៥ មករាកន្លងមកថា សកម្មភាពជាវិជ្ជមាននៅផ្នែកទាំងនេះ ជាលទ្ឋផលកើតចេញពីការបើកចំហ ប្រទេសឡើងវិញរបស់ប្រមុខរដ្ឋាភិបាល ពិសេសការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈផងដែរ។
លោកបន្តថា “អ្វីដែលគួរឲ្យកត់សំគាល់ គឺយើងឃើញមានអ្នកវិនិយោ គជាតិ អន្តរទេស និងភ្ញៀវទេសចរណ៍ចូលមកកាន់ខេត្តព្រះសីហនុ មានការកើនឡើងផងដែរ”។ លោកបន្តថា “ការងើបឡើងនៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្ត ក៏ដោយសារយើងគ្រប់គ្រងសកម្មភាព នៃការរីករាលដាលជំងឺកូវីដ១៩បានល្អប្រសើរ លើក្របខ័ណ្ឌទូទាំងប្រទេស ដោយមានអត្រាឆ្លងកាន់តែថយចុះ”។
លោកឃាង ភារម្យបានបន្តថា ប្រសិនជានិយាយក្នុងក្របខ័ណ្ឌខេត្តព្រះសីហនុ យើងឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ដែលវាបង្ហាញពីទំនុកចិត្តដល់អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងថា តាមការសិក្សាមួយរយៈពេលចុងក្រោយនេះ យើងបានមើលឃើញថាវិស័យអចលនទ្រព្យក្នុងខេត្តព្រះសីហនុ មានស្ថានភាពប្រសើរបន្តិចម្តងៗ ប៉ុន្តែក្រុមអ្នកវិនិយោគដែលត្រលប់មកវិញ ភាគច្រើនជាអ្នកមានគម្រោង វិនិយោគរួចទៅហើយ ដែលពួកគាត់មកបន្តការអភិវឌ្ឍគម្រោងរបស់ខ្លួន។
លោកបន្តថា “អ្នកវិនិយោគថ្មីៗបានមកកម្កុជាបណ្តើរៗ ប៉ុន្តែមិនទាន់មានចំនួនច្រើននៅឡើយទេ”៕