ដោយៈសុខុម
បាងកក: ឃ្លាំង និងមជ្ឈមណ្ឌលភ័ស្តុភារ ត្រូវបានព្យាករថានឹងក្លាយជាអចលនទ្រព្យ ដែលមានតម្រូវការខ្ពស់ជាងគេនៅឆ្នាំ២០២២នេះ។

កំនើនតម្រូវការលើផ្នែកនេះ ដោយសារកំណើនតម្រូវការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ខណៈអគារពាណិជ្ជកម្មនឹងបន្តជួបឧបសគ្គ ដោយសារការរាតត្បាតវីរុសកូវីដ-១៩។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី៥ មករា។
លោក Phattarachai Taweewong នាយកផ្នែកស្រាវជ្រាវ និងទំនាក់ទំនង នៃក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers International Thailand បានលើកឡើងថា តម្រូវការឃ្លាំងបានកើនឡើងចាប់តាំងពីឆ្នាំ២០២០ មកម៉្លេះ។
លោកបន្ថែមទៀតថា “ការរីករាលដាលវីរុសកូវីដ-១៩ នៅតែបន្តជំរុញការទិញទំនិញតាមអនឡាញ។ មជ្ឈមណ្ឌលភ័ស្តុភារ និងរោងចក្ររបស់ E-Commerce ព្រមទាំងចំនួនសហគ្រិន ផលិតផលប្រើប្រាស់បាន និងកំពុងកើនឡើងចាប់តាំងពីឆ្នាំ២០២០ មកម៉្លេះដោយសារតម្រូវការខ្ពស់”។
ក្នុងឆមាសទី១ ដើមឆ្នាំ២០២២ កិច្ចសន្យាថ្មីៗសម្រាប់ការជួលឃ្លាំង មជ្ឈមណ្ឌលភ័ស្តុភារ និងរោងចក្រគិតជាផ្ទៃក្រឡា សរុបជាង១៥០.០០០ម៉ែត្រការ៉េ។ ឃ្លាំង និងមជ្ឈមណ្ឌភ័ស្តុភារធំៗ ជួលបានតម្លៃខ្ពស់ទោះបីជាអំឡុងវិបត្តិកូវីដយ៉ាងណាក្ដី។
យោងតាមការព្យាករបង្ហាញថា នៅឆ្នាំ២០២២នេះ ឃ្លាំង និងរោងចក្រនឹងកើនឡើងជាលំដាប់ ដោយសារបណ្ដាវិនិយោគបរទេសចាប់អារម្មណ៍លើការវិនិយោគ លើឧស្សាហកម្មផ្សេងៗក្នុងប្រទេសថៃ។
លោក Phattarachai Taweewong បានគូសបញ្ជាក់ថា “ឃ្លាំង និងរោងចក្រ មានតម្រូវការខ្ពស់ ដោយសារវិស័យនាំចេញ ដែលរួមមានអាជីវកម្មកែច្នៃម្ហូបអាហារ គ្រឿងបរិក្ខារពេទ្យ និងអាជីវកម្មឌីហ្សាញការវេចខ្ចប់ និងផលិតកម្ម”។
លោកបានធ្វើការកត់សម្គាល់ថា ២០២២ នឹងជាឆ្នាំដ៏លំបាកមួយទៀតសម្រាប់អគារពាណិជ្ជកម្ម ដែលរួមមានអគារការិយាល័យ ហាងលក់រាយ និងសណ្ឋាគារជាដើម ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ នៅតែបន្តកើតមាន។
សម្រាប់ទីផ្សារការិយាល័យ អគារការិយាល័យថ្មីៗជាច្រើន នឹងត្រូវសាងសង់បញ្ចប់ជាស្ថាពរ នៅឆ្នាំ២០២២-២០២៣ សម្រាប់ការផ្គត់ផ្គង់លើទីផ្សារ ដែលគិតជាផ្ទៃក្រឡា សរុបជិត១លានម៉ែត្រការ៉េ៕ Bangkok Post៕